ខេត្តប៉ៃលិន ៖ មន្ត្រីអភិរក្សសត្វព្រៃ និងព្រៃឈើតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតបានឲ្យដឹងថា ព្រៃឈើនិងសត្វព្រៃនៅក្នុងដែនតំបន់អភិរក្សចំណុចអូរស្លេវ ស្ថិតនៅ ក្នុងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង នៅតែមានការកាប់បំផ្លាញនិងបាញ់សម្លាប់ជាដដែល ។
លោក ចាន់ សុជាតិ អនុប្រធានផ្នែក អនុវត្តន៍ច្បាប់ នៃមន្ត្រីអភិរក្សសត្វព្រៃ និង ព្រៃឈើ តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានឲ្យដឹងថា រហូតមកដល់ពេលនេះ ព្រៃឈើនៅក្នុងដែនអភិរក្សសត្វព្រៃ ដែលក្រុមការងាររបស់លោកតែងដើរល្បាត នៅតែមានជនខិលខូចមួយចំនួនកាប់ ទន្ទ្រានយកធ្វើជាដីកម្មសិទ្ធិដដែល បើ ទោះបីមានការបង្ក្រាប និងមានបទបញ្ជាពីថ្នាក់ដឹកនាំយ៉ាងណាក៏ដោយ ។
លោកបញ្ជាក់ថា ជនខិលខូចមួយចំនួន រស់នៅតំបន់ស្លេវ ស្រុកសំឡូត ខេត្តបាត់ ដំបង និងមួយចំនួនទៀតរស់នៅក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បាននាំគ្នាលួចយកម៉ាស៊ីនទៅកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។
ជាមួយនឹងការកាប់ទន្ទ្រាននេះ លោក ក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ ជួយ ថែរក្សាធនធានធម្មជាតិ ព្រោះវាជាជម្រកពពួកសត្វព្រៃគ្រប់ប្រភេទ ហើយកន្លងមក លោកសង្កេតឃើញថា មានការដាក់អន្ទាក់ហើយជាប់សត្វកម្រដូចជាសត្វខ្ទីងជាដើម និងបានសត្វព្រៃផ្សេងៗយកមក លក់នៅ តាមបណ្តាហាងនានាទូទាំងខេត្ត បាត់ដំបង និងខេត្តប៉ៃលិន ។ លោកថា ការកាប់បំផ្លាញ ព្រៃនេះ វាក៏ធ្វើឲ្យអាកាសធាតុប្រែប្រួលយ៉ាងធ្ងន់ធ្ងរផងដែរ ។
លោក គឹម សុខា ប្រធានមន្ទីរបរិស្ថាន ខេត្តប៉ៃលិនបានឲ្យដឹងថា លោកនឹង ចាត់វិធានការក្តៅ ដោយនឹងកោះហៅអ្នកជាប់ពាក់ព័ន្ធមកឆ្លើយបំភ្លឺនៅមន្ទីររបស់ ខ្លួន ហើយនឹងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តឲ្យចាត់ការតាមនីតិវិធី ។
គួររំលឹកថា ការកាប់ទន្ទ្រានដីព្រៃតំបន់សំឡូតនេះ គឺបានកើតឡើងមួយរយៈមក ហើយ ដោយមានក្រុមមនុស្សដែលមានអ្នកមានលុយ និងអំណាចនៅពីក្រោយខ្នងបានចូលទៅកាប់ទន្ទ្រានយកដីដើម្បីធ្វើជាកម្មសិទ្ធិ ៕ ហេង នរិន្ទ្រ