ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចម្រៀងនិងអ្នកលេងភ្លេងរត់ជាន់ជើងគ្នាដោយសារក្រុមបងធំគប់ដុំថ្មពេលកំពុងប្រគំតន្ត្រី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អ្នកចម្រៀង និងអ្នក ប្រគំភ្លេងបានភ័យលស់ព្រលឹងគ្រប់ៗគ្នា ខណៈដែលកំពុងតែប្រគំតន្រ្តីក្នុងកម្មវិធីឡើងផ្ទះស្រាប់តែក្រុមបងធំយកដុំថ្មគប់ទៅលើឆាកបណ្តាលឲ្យខូចខាតឧបករណ៍ ភ្លេងនិងកញ្ចក់រថយន្ត។ ក្រោយកើតហេតុ ក្រុមអ្នកភ្លេងបានទៅសំុឲ្យនគរបាលប៉ុស្តិ៍ ជង្រុកជួយធ្វើអន្តរាគមន៍ដែរ ប៉ុន្តែមិនមាន លទ្ធផលអ្វីឡើយ ព្រោះនៅប៉ុស្តិ៍មិនមាន មន្ត្រីនគរបាលសូម្បីតែម្នាក់ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅក្នុង ភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ម្ចាស់វង់ភ្លេងដែលរងការគប់ដុំថ្មបំផ្លាញ ឧបករណ៍ភ្លេងនិងខូចខាតរថយន្តឈ្មោះ ឃឹម ខឿន ភេទប្រុស អាយុ៤៥ឆ្នាំ។ ចំណែកម្ចាស់កម្មវិធីឡើងផ្ទះឈ្មោះ ថាន់ រស់នៅកន្លែងកើេតហេតុខាងលើ ។

លោក ឃឹម ខឿន បានរៀបរាប់ប្រាប់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ថា វង់ ភ្លេងរបស់គាត់ត្រូវបានឈ្មោះ ថាន់ ជួល ឲ្យមកប្រគំកំដរភ្ញៀវក្នុងកម្មវិធីឡើងផ្ទះ ។ ដំបូងឡើងកម្មវិធីដំណើរការជាធម្មតារហូត ដល់វេលាកើតហេតុខាងលើស្រាប់តែលេច មុខក្មេងស្ទាវមួយក្រុមបានយកដុំថ្មគប់មក លើរូបលោក ហើយនិងត្រូវឧបករណ៍ភ្លេង បណ្តាលឲ្យខូចខាត។ ឃើញដូច្នេះម្ចាស់ ផ្ទះបានប្រាប់ឲ្យគាត់ផ្អាកការប្រគំតន្រ្តីពេល នោះក្រុមតន្ត្រីករក៏បានផ្អាក ហើយរៀបចំ អីវ៉ាន់ស្រាប់តែក្រុមក្មេងស្ទាវទាំងនោះប្រើចម្ពាមកៅស៊ូបាញ់មកលើក្រុមតន្ត្រីករម្តងទៀត។

លោក ឃឹម ខឿន បន្តថា ដោយឃើញ សភាពការណ៍បែបនេះទាំងអ្នករៀបចំឆាក និងអ្នកចម្រៀងបាននាំគ្នាឈរព័ទ្ធការពារ រូបលោកខ្លាចពួកក្មេងស្ទាវទាំងនោះចូល មកវាយលោក ហើយមិនបានប៉ុន្មាននាទី ផងក្រុមក្មេងស្ទាវទាំងនោះបានយកដុំថ្មមកវាយបំបែកកញ្ចក់រថយន្តរបស់លោកថែមទៀតផង ។

ក្នុងហេតុការណ៍នោះលោកបានរត់ទៅរកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជង្រុកឲ្យជួយធ្វើអន្តរាគមន៍ផងដែរ តែមិនមានលទ្ធផលឡើយ ព្រោះនៅក្នុងប៉ុស្តិ៍គ្មាន មន្ត្រីនគរ បាលណាម្នាក់ប្រចាំការទេ។ ពេលនោះ លោកបានក្មួយប្រុសសុំកិច្ចអន្តរាគមន៍ទៅលោកអធិការនគរបាលស្រុកទើបឃើញ មន្ត្រីនគរ បាលប៉ុស្តិ៍១រូបទៅដល់ហើយឈរនៅខាងក្រុមក្មេងស្ទាវដែលបានវាយឧប ករណ៍ភ្លេងរបស់លោកដោយមិនបាន ហាមឃាត់បន្តិចណាឡើយ ។

មន្ត្រីនគរបាលរូបនោះត្រូវបានគេស្គាល់ ឈ្មោះ រ៉ា ដែលគាត់អះអាងនៅព្រឹកថ្ងៃទី៩ ខែមករាថានឹងតាមចាប់ក្រុមក្មេងទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ ។

លោក ឃឹម ខឿន បានឲ្យដឹងទៀតថា មន្ត្រីនគរបាលប៉ុស្តិ៍បានប្រាប់លោកថាបាន ស្គាល់ច្បាស់ណាស់អំពីពួកក្រុមក្មេងទាំងនោះគឺឈ្មោះ ឌីម និងឈ្មោះ ដា ដែលទាំង ២នាក់បងប្អូនជាមុខសញ្ញាបងតូចបងធំ ប្រចាំភូមិអង្គរមាសនេះតែម្តង ។

អ្វីដែលធ្វើឲ្យលោកមានការព្រួយបារម្ភគឺត្រង់ថា ក្រោយកើតហេតុលោកបានមក ដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ ប៉ុន្តែគេមិនទទួល។ លុះរឿងនេះបែកធ្លាយដឹង ដល់លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ, លោកស្នងការបានចាត់មន្ត្រីជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឲ្យចុះ មកស្រាវជ្រាវបែរជាលោក ខេង ចាន់ថុល នាយប៉ុស្តិ៍រដ្ឋបាលជង្រុកស្តីបន្ទោសមកលើ លោកថា គ្រាន់តែរឿងប៉ុណ្ណឹងចាំបាច់រាយ ការណ៍ដល់ថ្នាក់លើ ។ លោក ឃឹម ខឿន ឆ្ងល់ថា ពេលកើតហេតុខាងលោកបាន ដាក់ពាក្យបណ្តឹង ប៉ុន្តែនគរបាលប៉ុស្តិ៍មិន ទទួលហើយពេលស្នើសុំកិច្ចអន្តរាគមន៍ពីថ្នាក់លើបែរជាត្រូវលោកនាយប៉ុស្តិ៍ស្តី បន្ទោសទៅវិញ ។

មហាជនដែលបានដឹងរឿងបានលើក ឡើងថា រឿងហេតុកើតឡើងជនល្មើសនៅ នឹងមុខនគរបាលមិនហ៊ានចាប់ផងហើយ ទំនងចង់បិទបាំងរឿងនេះមិនឲ្យថ្នាក់លើ ដឹងទៀត ទើបលោកនាយប៉ុស្តិ៍បន្ទោសមកលើក្រុមភ្លេងទៅវិញ ។

តាមការរៀបរាប់របស់មន្ត្រីនគរបាលឈ្មោះ រ៉ា បានបញ្ជាក់យ៉ាងច្បាស់ថា ជន បង្កទំនាស់មាន២នាក់ដែលលោកស្គាល់ ច្បាស់គឺឈ្មោះ ឌីម និងឈ្មោះដា ដែលបាន បង្កការអុកឡុកនៅតាមពិធីនានានៅក្នុង ភូមិដែលមានការកម្សាន្តដូចជាការចាក់ ធុងបាស់ ឬភ្លេងអ័កកាដង់ជាដើម។ បុរសទាំងពីរនាក់បងប្អូននេះបង្កបញ្ហាតាំងពី ម្តាយនៅមានជីវិតរហូតដល់ម្តាយស្លាប់ ក៏នៅតែមិនព្រមកែខ្លួន ។

នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ សម សាមួន ស្នងការនគរបាលខេត្តបានចាត់តាំងលោកវរសេនីយ៍ទោ ជា វណ្ណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងនគរបាលចុះចាប់ក្រុមក្មេង ទាំងនោះមកប្រគល់ឲ្យច្បាប់ចាត់ការ ។

ប្រជាពលរដ្ឋសំណូមពរដល់លោកស្នង ការមេត្តាពិចារណាពិនិត្យលទ្ធភាពមន្ត្រី នគរបាលដែលអសមត្ថភាពដូចជានគរ បាលប៉ុស្តិ៍ជង្រុកនេះជាដើម ។

ភាគីម្ចាស់ភ្លេងបានប្រាប់អ្នកកាសែត ថា លោកបានស្គាល់យ៉ាងច្បាស់ចំពោះ ជនបង្កទាំង២នាក់បងប្អូន។ ប៉ុន្តែមន្ត្រីនគរ បាលស្រុកបានអះអាងថាភាគីអ្នកភ្លេងមិនស្គាល់ឈ្មោះនិងមុខជនបង្កទេ ។

មហាជនកំពុងរង់ចាំមើលថា តើអស់ លោកនគរបាលប៉ុស្តិ៍ និងនគរបាលស្រុកចាត់ការស៊ើបអង្កេតករណីនេះយ៉ាងដូច ម្តេច? បើតាមសេចក្តីរាយការណ៍ប្រាប់ថា ក្រុមតន្ត្រីដែលរងការខូចខាតសម្ភារអាចនឹង ត្រូវទម្លាក់កំហុសថា ជាអ្នកបង្កឲ្យមាន បញ្ហាជាមួយពួកក្មេងទាំងនោះទៅវិញ។ យ៉ាងណាក៏ដោយគេរំពឹងថា ក្រុមការងារ របស់លោកស្នងការនគរបាលខេត្តនឹងផ្តល់ យុត្តិធម៌ជូនគ្រប់ភាគីក្នុងសំណុំរឿងនេះ ៕ សេនាស័ក្តិ

dwe


ចែករំលែក៖