ភ្នំពេញៈ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងទទួលជួបពិភាក្សាការងារជាមួយ លោក Tony Tan Keng Yam ប្រធានាធិបតីសឹង្ហបុរី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នៅក្នុងជំនួបរសៀលនេះ ប្រមុខដឹកនាំនៃប្រទេសទាំង២ បានពិភាក្សាគ្នាក្នុងបរិយាកាសរីករាយនិងស្និទ្ឋស្នាលបំផុត ដើម្បីពង្រឹងកិច្ចសហប្រត្តិបត្តិរ និងជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរអោយកាន់តែមានទំហំធំឡើង ។ បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្រ្តី និង លោកប្រធានធិបតីសឹង្ហបុរី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើឯកសារ MOU មួយចំនួន ដូចជា ១)អនុស្សារណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសឹង្ហបុរី ក្នុងនោះគឺរាជរដ្ឋាភិបាលកម្ពុជានឹងបញ្ជូនគ្រូបង្គោលចំនួន ៨០នាក់ទៅបណ្តុះបណ្តាជំនាញសំខាន់ៗចំនួន៣មុខនៅសឹង្ហបុរីគឺ ១)ជំនាញទំនាក់ទំនងព័ត៌មានវិទ្យាចំនួន ៣២នាក់, ២)ជំនាញបច្ចេកវិទ្យាគ្រឿងយន្តចំនួន ៣២នាក់, ៣)ជំនាញអេឡិចត្រូនិកចំនួន ១៦នាក់។ វិទ្យាស្ថានអប់រំបច្ចេក ទេស (ITE) សឹង្ហបុរី គឺជាវិទ្យាស្ថានដ៏ល្បីឈ្មោះមួយទាំងនៅក្នុងកម្រិតតំបន់ និងសកលលោក។ ចំពោះ អនុស្សារណៈទី២គឺ រវាងមន្ទីរពេទ្យកាល់ម៉ែត្រកម្ពុជា ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng ប្រទេសសឹង្ហបុរីដើម្បីពង្រឹងវិស័យសុខាភិបាលអោយកាន់តែមានប្រសិទ្ឋភាពខ្ពស់ឡើង។
នៅរាត្រីយប់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីលៀងសាយភោជន៍ ជាមួយ លោកប្រធានា ធិបតីសឹង្ហបុរី និងលោកស្រីនៅព្រះបរមរាជវាំងផងដែរ ៕