ភ្នំពេញ ៖ ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីជូនដំណឹងមួយកាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ឲ្យដឹងថា មានពលករខ្មែរ៣ នាក់បានស្លាប់ និង៨នាក់បានរងរបួសនៅ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តច័ន្ទបុរី ប្រទេសថៃ ដែលបណ្តាលមកពីរថយន្តដឹកពលករទាំងនោះបុកជាមួយរថយន្តកង់ ១០ ។
ហេតុការណ៍នេះត្រូវបានក្រសួងរាយការណ៍ថាបានកើតឡើងកាលពីចុងខែធ្នូ ឆ្នាំ២០១៦។ សម្រាប់ពលករ៣នាក់ដែល បានបាត់បង់ជីវិតនោះមានឈ្មោះ តេង ឆាលី ភេទប្រុស អាយុ២៧ឆ្នាំ មកពីស្រុក ក្រឡាញ់ ខេត្តសៀមរាប សពត្រូវបានបញ្ជូន មកកម្ពុជាវិញហើយ, ឈ្មោះ មុច សាម៉ុន ភេទស្រី អាយុ៣៥ឆ្នាំ មកពីស្រុកពាមជរ ខេត្តព្រៃវែង ក្រុមគ្រួសារកំពុងទាក់ទងយកសពមកកម្ពុជាវិញ, ឈ្មោះ វ៉ាន់ ចាន់រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មកពីស្រុកកំរៀង ខេត្តបាត់ដំបង ក្រុមគ្រួសារកំពុងសម្រួល ឯកសារយកសពមកកម្ពុជាវិញ ។
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបន្តថា ចំពោះករណីនេះក្រោយកិច្ច អន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុលថៅកែថៃយល់ព្រមជួយឧបត្ថម្ភប្រាក់ដល់គ្រួសារសពក្នុងមួយគ្រួសារចំនួន២២.០០០បាត និងម្ចាស់រថយន្តកង់១០ឧបត្ថម្ភថវិកាចំនួន ៣០.០០០បាតសរុប៥២.០០០បាត។
សម្រាប់ពលកររបួសធ្ងន់កំពុងសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់មានចំនួន៤នាក់ ក្នុងនោះមានឈ្មោះ នៅ សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ នៅខណ្ឌមានជ័យ រាជធានី ភ្នំពេញ, ឈ្មោះ វុត្ថា ភេទប្រុស អាយុ៣៥ ឆ្នាំ នៅស្រុកត្បែង ខេត្តព្រះវិហារ, ឈ្មោះ នុល ពីង ភេទប្រុស អាយុ២៨ឆ្នាំ នៅស្រុក ស្វាយទាប ខេត្តស្វាយរៀង និងឈ្មោះ សិ ថេ ភេទប្រុស អាយុ១៨ឆ្នាំ នៅស្រុកឈូក ខេត្តកំពត (ការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃកំពុងរៀបចំឯកសារនិងត្រៀម ជូនដំណើរក្រុមគ្រួសារអ្នករបួសធ្ងន់ទៅ មន្ទីរពេទ្យ)។
ចំណែកពលកររបួសមធ្យមកំពុង សម្រាកព្យាបាលនៅមន្ទីពេទ្យចំនួន៤នាក់ រួមមានឈ្មោះ រស់ ចាន់ ភេទប្រុស អាយុ ២៥ឆ្នាំ នៅស្រុកកំចាយមារ ខេត្តព្រៃវែង រង រងរបួសបាក់ជើង, ឈ្មោះ ឌុល ឆាយ ភេទ ប្រុស អាយុ៣៦ឆ្នាំ នៅស្រុកពាមជរ ខេត្ត ព្រៃវែង រងរបួសក្បាល និងបាក់ជើងជាស្វាមី សពឈ្មោះ មុច សាម៉ុន, ឈ្មោះ ឌុល ស្រីកា អាយុ៩ឆ្នាំ រងរបួសបាក់ជើង ជាកូន ស្រី ឌុល ឆាយ និងមុច សាម៉ុន និងឈ្មោះ ចាន់ នី ភេទស្រី អាយុ៣២ឆ្នាំ នៅស្រុក ឈូក ខេត្តកំពត ។
ចំពោះពលករដទៃទៀតដែលរងរបួស ស្រាលបានចេញពីមន្ទីរពេទ្យ និងត្រូវបានថៅកែថៃទទួលទៅធ្វើការវិញហើយ។ ពល ករទាំង២៩នាក់ត្រូវបានថៅកែថៃឈ្មោះ ឆឺម វិឆ័យ អាយុ៥២ឆ្នាំ ជួលមកបេះផ្លែ មៀន។ ដោយសារពួកគាត់ពុំមាន Work Permit ដូច្នេះពុំមានសិទ្ធិទទួលបានការ ធានារ៉ាប់រងការងារណាមួយឡើយ ។
ក្រសួងការបរទេសក៏បានអះអាងដែរ ថា ស្ថានអគ្គកុងស៊ុលក៏បានជួយឧបត្ថម្ភ ថវិកាមួយចំនួនដល់ក្រុមគ្រួសារសពនិង អ្នករងរបួស និងបានសំណូមពរថៅកែថៃ ជួយចេញថ្លៃព្យាបាលដល់ពលកររងរបួសទាំងអស់ផងដែរ។ ស្ថានអគ្គកុងស៊ុលកម្ពុជា ក៏បានសហការជាមួយថៅកែថៃរកមេធាវីការពារក្តីនៅតុលាការនាពេលខាងមុខ ដើម្បីទាមទារសំណងជំងឺចិត្តជូនពលករបាត់បង់ជីវិតនិងរងរបួស ៕ ហេង សូរិយា