ភ្នំពេញៈ ចៅក្រមសាលាឧទ្ធរណ៍កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសបុរសម្នាក់ជាតំណាងក្រុមហ៊ុនស្រាបៀរភ្នំពេញ ដាក់ពន្ធនាគារ៣ឆ្នាំ ដដែល ពីបទរំលោភលើទំនុកចិត្ត និង ក្លែងបន្លំឯកសារ ដើម្បីកិបកេងប្រាក់ក្រុមហ៊ុនចំនួនជិត៧ម៉ឺនដុល្លារអាមេរិក ។
លោក ញូង ធុល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បញ្ជាក់ថា ជនជាប់ចោទមានឈ្មោះ ម៉ិញ វិសុទ្ធ អាយុ៤៥ឆ្នាំ ។
ប្រភពព័ត៌មាន បញ្ជាក់ថា ជនជាប់ចោទឈ្មោះ ម៉ិញ វិសុទ្ធ បានចូលបម្រើការនៅក្រុមហ៊ុនផលិតស្រាបៀរភ្នំពេញ ហើយក្រុមហ៊ុនបានឲ្យតួនាទីជាប្រធានផ្នែកទីផ្សារប្រចាំនៅខេត្តតាកែវ កំពត និងខេត្តកំពង់ស្ពឺ។
ក្នុងអំឡុងពេលគ្រប់គ្រងការចែកចាយស្រាបៀរតាមដេប៉ូដល់បណ្តាខេត្តទាំងបីនោះធ្វើឲ្យបាត់លុយពីការលក់ស្រាបៀរជាបន្តបន្ទាប់។
ដោយមានការសង្ស័យក្រុមហ៊ុនបានធ្វើសវនកម្មហើយរកឃើញថាលុយដែលបាត់មានចំនួន ៦៩៨៣៧ ដុល្លារហើយក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនជាប់ចោទតែម្តង។
ជនជាប់ចោទបានឆ្លើយក្នុងសវនាការថាខ្លួនបានចូលបម្រើការក្នុងក្រុមហ៊ុនស្រាបៀរភ្នំពេញនៅអំឡុងឆ្នាំ ២០១១។ ចំពោះការចែកចាយស្រាបៀរដាក់តាមដេប៉ូនោះត្រូវបានអតិថិជនមិនព្រមសងលុយ។ លុយដែលបាត់បង់នោះដោយសារអតិថិជនមិនបង់ឲ្យ។ ប៉ុន្តែបានធ្វើរបាយការណ៍ផ្ញើទៅក្រុមហ៊ុនប្រចាំខែដែរ។ ខ្លួនទទួលស្គាល់លុយបាត់បង់តែជាង ២ ម៉ឺនដុលា្លរទេ ៕ ចេស្តា