ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបររថយន្តក្រុមហ៊ុនហុងលីហួបាត់បង់ម្ចាស់ការជ្រុលចង្កូតបុកម៉ូតូបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់

ចែករំលែក៖

ខេត្តកណ្តាលៈ អ្នកបើកបររថយន្តក្រុមហ៊ុន “ហុងលីហួ” ស្រវឹងបាត់បង់ម្ចាស់ការបើករថយន្តសណ្តោងកុងតឺន័រ ជែងជ្រុលចង្កូតទៅបុកម៉ូតូបើកច្រាស់ទិសគ្នា ធ្វើឲ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ។ ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអង្គស្នួលចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា អ្នកបើកបរបង្កដែលត្រូវបានចាប់ខ្លួននោះឈ្មោះ កួន វិចិត្ត ភេទប្រុស៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស៊ីឈ្នួលបើកបររថយន្ត មានទីលំនៅក្នុងភូមិដូនកែវ ឃុំសែនដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរថយន្តម៉ាកFreightliner ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1203 មានស្លាកសម្គាល់ “HLH136” ជាប្រភេទក្បាលរថយន្តសណ្តោងកុងតឺន័ររបស់ក្រុមហ៊ុន “ហុងលីហួ” តែមិនមានសណ្តោងកុងតឺន័រឡើង ។ ចំណែកឯជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះ ទី១-ឈ្មោះ លី ណារ៉ុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ (ជាអ្នកបើកបរម៉ូតូ) ទី២-ឈ្មោះ តូ រ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ និងទី៣-ឈ្មោះ ឃឿន រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ។ ជនរងគ្រោះទាំង៣នាក់នេះមានទីលំនៅភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ជិះម៉ូតូម៉ាកហុងដា MSX ពណ៌សលាយខ្មៅ គ្មានស្លាកលេខ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ដោយល្បឿលឿនក្នុងទិសដៅពីកើតទៅលិច(ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ) ។ លុះបើកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តបង្កបានបន្ថែមល្បឿនព្យាយាមឡើងជែងរថយន្តបើកនៅខាងមុខ បណ្តាលឲ្យជ្រុលទៅបុកម៉ូតូជនរងគ្រោះជិះច្រាស់ទិសគ្នា ធ្វើឲ្យជនរងគ្រោះទាំង៣នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ ។

រថយន្តបង្កនៅតែមិនអស់ល្បឿនជ្រុលទៅបុកបង្គោលភ្លើងEDCបណ្តាលឲ្យខូចខាតបង្គោលអស់មួយដើម និងដូចខាតដាច់ខ្សែភ្លើងជាច្រើនសសៃផងដែរ ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ។

អ្នកបើកបររថយន្តបង្កហេតុបានសារភាពប្រាប់សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលថា នៅមុនពេលកើតហេតុរូបគេបានផឹកស្រាបៀរអស់ចំនួន០៦កំប៉ុង ទើបបើករថយន្តចេញពីគោលដៅរហូតជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងដូច្នេះ ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលទំនាក់ទំនងប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

ses-1 ses-2 ses-3 ses-4 ses-5 ses-6 ses-7


ចែករំលែក៖