ភ្នំពេញ៖ រថយន្តដឹកឥដ្ឋ មួយគ្រឿង ខណៈដែលកំពុងបើកដឹកឥដ្ឋបោះឲ្យម៉ូយ ស្រាប់តែ ដាច់ចង្កូតរេទៅបុករបងផ្ទះ ប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យរបួសស្រាលម្ចាស់ផ្ទះម្នាក់ដែលកំពុងអង្គុយក្នុងផ្ទះមិនដឹងខ្លួន ។
ឧប្បត្តិហេតុនេះកាលពីវេលាម៉ោង ៣និង ២០ រសៀល ថ្ងៃទី១១ ខែមករាឆ្នាំ២០១៧ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ចំណុចផ្ទះលេខ ១០២៦ ក្រុមទី២ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ រថយន្តដឹកឥដ្ឋ មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម ៣A-0824 បើកបរដោយឈ្មោះ ហាយ សំភឿន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅឡឥដ្ឋ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានដឹកឥដ្ឋពេញនិងមានមនុស្សប្រុសស្រីជាកម្មករ ជិះលើរថយន្តចំនួន៦នាក់ បានធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូង (ចូលភ្នំពេញ)។ ខណៈកំពុងបើកបរដល់ចំណុចកើតហេតុ ស្រាប់តែស្រាប់តែរថយន្ត បានដាច់ចង្កូត ទៅខាងស្តាំដៃ ជ្រុលទៅបុកផ្ទះកើតហេតុតែម្តង។ក្នុងឧប្បត្តិហេតុនេះធ្វើឲ្យម្ចាស់ផ្ទះឈ្មោះ អួង សាបិន ភេទប្រុស អាយុ៨០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ រងរបួសស្រាល។រីឯអ្នកបើកបរចុះពីលើ រថយន្តគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកដល់វាស់វែងធ្វើកំណត់ហេតុ និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ ៕ អរុណរះ