ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់​ចរាចរ​នឹង​មិន​អាច​ថយ​ចុះ​ទេ​ !​ ប្រសិន​បើ​ជនបង្ក​បុក​មនុស្ស​ស្លាប់​ចេះ​ត្រូវ​បាន​តុលាការ​ដោះលែង​បែបនេះ​

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រីម្នាក់ដែលបើករថយន្តបុកម៉ូតូបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ ត្រូវបាននគរបាលស្រុកមុខកំពូលដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីឃាត់ខ្លួនបានប៉ុន្មានម៉ោងប៉ុណ្ណោះ ។ អធិការរងនគរបាលចរាចរណ៍ស្រុកមុខកំពូល អះអាងថា ការសម្រេចដោះលែងនេះ គឺ មានការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ។

មជ្ឈដ្ឋានមួយចំនួន លើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរដែលជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា នឹងពុំអាចថយចុះនោះទេ ប្រសិនបើជនបង្កបុកមនុស្សស្លាប់ចេះតែត្រូវបានតុលាការសម្រេចដោះលែងបែបនេះ ។

នគរបាល អះអាងថា ស្ត្រីបង្កមានឈ្មោះ ស ហៀងអាយុ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ២២ ផ្លូវលេខ៣៣៩ ភូមិ៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

របាយការណ៍សមត្ថកិច្ច បង្ហាញថា កាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង ដោយរថយន្តបើកបុកគ្នាជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យម៉ូតូដួលខ្ទាតមនុស្ស២នាក់នៅលើផ្លូវជាតិស្របពេលនោះក៏មានរថយន្ដមួយគ្រឿងទៀតបើកកិនពីលើជនរងគ្រោះទាំងពីរនាក់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ។

បន្ទាប់មក មានម៉ូតូមួយគ្រឿងទៀតបើកទៅបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូសន្លប់បាត់បង់ស្មារតី ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះដែលសន្លប់បាត់បង់ស្មារតី ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯរថយន្ដមួយគ្រឿងទៀតមិនស្គាល់ម៉ាកបានបើករត់គេចខ្លួនបាត់ស្រមោល។ ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ពាក់ព័ន្ធករណីនេះ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ពុំអាចទំនាក់ទំនងសុំការបញ្ជាក់បន្ថែមពីលោក ឯក លន់ អធិការរងនគរបាលស្រុកមុខកំពូលទទួលបន្ទុកចរាចរណ៍ បានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។ ប៉ុន្តែលោកបានប្រាប់កាសែតក្នុងស្រុកមួយថា ការសម្រេចដោះលែងនេះ គឺមានការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ។

ជាមួយគ្នានេះ ក៏ពុំអាចសុំការបញ្ជាក់ពីលោក ទេព មុនិន្ទ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បាននៅឡើយដែរ ដោយសារលោកជាប់សវនាការ ។

យោងតាមរបាយការណ៍សមត្ថកិច្ច អាចសន្និដ្ឋានបានថា ជនរងគ្រោះដួលលើផ្លូវជាតិ រួចត្រូវរថយន្តបុកនិងកិនស្លាប់ ។ ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ គឺ ស្ត្រីបង្កត្រូវបានដោះលែងភ្លាមៗក្រោយឃាត់ខ្លួនប៉ុន្មានម៉ោងប៉ុណ្ណោះ ពោលគឺ ពុំបានបញ្ជូនមកតុលាការ ដើម្បីសាកសួរបន្ថែមនោះទេ ។ ចំណុចមួយទៀត គឺ ទំនងជារបាយការណ៍ប៉ូលិសប្រមូលគ្រប់គ្រាន់ហើយ មើលទៅ បានជាមានការសម្រេចដោះលែងភ្លាមៗបែបនេះ ។ ប៉ុន្តែបើក្រឡេកមើលស្ថានភាពរថយន្តបង្កវិញ ដែលខ្ទេចផ្នែកមុខស្ទើរទាំងស្រុង អាចសន្និដ្ឋានបានថា រថយន្តនេះ បើកបរក្នុងល្បឿនលឿន ដែលចូលក្នុងមាត្រា៨៥ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៕ ចេស្តា

1 2 ds ew g


ចែករំលែក៖