ភ្នំពេញ ៖ ស្ត្រីម្នាក់ជាម្តាយមីងនិងក្មួយប្រុស បើកម៉ូតូឌុបគ្នាទៅធ្វើការរោងចក្រ ក៏ចង្កូតជ្រុលទៅបុកខឿនសួនច្បារ បណ្តាលឱ្យផ្លោងមនុស្សធ្លាក់លើម៉ូតូខ្ទាតទៅកណ្តាលថ្នល់ក៏ត្រូវរថយន្តមួយគ្រឿង មកដល់ជាន់ហ្វ្រាំងមិនទាន់ បណ្តាលឲ្យកិនស្ត្រីម្តាយមីងនោះស្លាប់យ៉ាងអាណោចអាធ័ម និងក្មួយរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង០៦ ព្រឹកថ្ងៃទី១២ មករា ស្ថិតនៅតាមផ្លូវជាតិលេខ៦ចន្លោះស្ពាន៩-១០ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
ប្រភពឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះរស់ រឿន អាយុ ៤០ឆ្នាំ ជាកម្មការិនីរោងចក្រ រីឯក្មួយប្រុសរងរបួសឈ្មោះរដ្ឋា អាយុ២៤ឆ្នាំ ទាំង២នាក់មានស្រុកកំណើតនៅខេត្តកំពង់ចាម ជិះម៉ូតូម៉ាកស៊ុយហ្សូគីឡេត ពណ៌.ស ស្លាកលេខកំពង់ចាម 1P-6025 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង (ជិះចូលក្រុង) ។ ចំណែកឯរថយន្តដែលកិនជនរងគ្រោះស្លាប់ម៉ាកហ៊ីយ៉ាន់ដាយ “ប្រភេទទេសចរ” ពាក់ស្លាកលេខ3A-3385 ក្រោយកើតហេតុអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ គេបានឃើញម្តាយមីង ហើយនឹងក្មួយប្រុសបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ដោយជិះក្នុងទិសដៅពីជើងទៅត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចខាងលើ ក៏បានជិះវ៉ារថយន្ត មួយគ្រឿងមិនចាំម៉ាក ហើយក៏ជ្រុងទៅបុកខឿនសួនច្បារ បណ្តាលអោយផ្លោងមនុស្សធ្លាក់លើម៉ូតូខ្ទាតទៅកណ្តាលថ្នល់ ខណៈពេលនោះ ស្រាប់តែមានរថយន្ត មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-3385 ជិះក្នុងទិសដៅពីត្បូងទៅជើង នៅឍពេលជិះមកដល់ចំណុចខាងលើ ក៏ចាប់ហ្វ្រាំងមិនទាន់ ក៏បានកិនស្ត្រីដែលជាម្តាយមីងនោះស្លាប់យ៉ាងអាណោចអាធ័មបំផុត និងក្មួយប្រុសបានរងរបួសធ្ងន់។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខាងចរាចរជើងគោក ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯសាកសព ត្រូវសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕ ជ្រោយពេជ្រ