ភ្នំពេញ៖ ជនសង្ស័យទាំង៧៥នាក់ និងគ្រឿងញៀនជា១០០កញ្ចប់ មកពីបណ្តាខណ្ឌទាំង១២ ត្រូវបានធ្វើការបង្ហាញមុខជាសាធារណៈ នៅការិយាល័យប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធករណីរក្សាទុក បិតបាំង ប្រើប្រាស់សេពគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណការិយាល័យកណ្តាលប្រឆាំងបទល្មើស ផ្លូវ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាលើកទី២ សរុបក្នុងប្រតិបត្តិការចុះបង្ក្រាបចាប់ពីថ្ងៃទី១ ដើមខែមករា មានចំនួនប្រមាណជាង៤០០នាក់ ។
យោងតាមរបាយការណ៍សមត្ថកិច្ច លទ្ធផលប្រតិបត្តិការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដែលមានខណ្ឌទាំង១២ និង ការិយាល័យ ធ្វើការចុះបង្ក្រាបជាលក្ខណៈទូទាំងរាជធានីភ្នំពេញនិងខេត្ត ។ ជាលទ្ធផលសរុបក្នុងប្រតិបត្តិការបង្ក្រាបសរុបឃាត់ខ្លួនចំនួន៧៥នាក់រួមទាំងថ្នាំញៀនចំនួនជាង១០០កញ្ចប់ ។
លោក ព្រំ សន្ធរ ស្នងការរងនៃការិយាល័យប្រឆាំងគ្រឿងញៀន បានប្រាប់អោយដឹងថា ប្រតិបត្តិការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១២ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ សរុបឃាត់ខ្លួនបាន៧៥នាក់ និង ថ្នាំញៀនចំនួនជាង១០០កញ្ចប់ ។ លោកបានបន្តថា សរុបក្នុងប្រតិបត្តិការចាប់ពីដើមខែមករាមកកម្លាំងសមត្ថកិច្ចយើងចុះបង្ក្រាបបានមនុស្សប្រមាណជាង៤០០នាក់ ។
ជាចុងក្រោយលោក ព្រំ សន្ធរ បានបញ្ជាក់ថា កម្លាំងនរគបាលជំនាញនៅតែបន្តធ្វើការបង្ក្រាបដូចភ្លៀងរលឹមទាំងយប់ទាំងថ្ងៃនៅក្នុងរាជធានីភ្នំពេញ ហើយសូមសំណូមពរដល់អាណាព្យាបាល ប្រជាពលរដ្ឋចូលរួមសហការ ដើម្បីរក្សាសុខសន្តិភាពក្នុងសង្គម និង ទប់ស្កាត់ បង្ការបង្ក្រាប ការប្រើប្រាស់ចែកចាយគ្រឿងញៀនអោយមានប្រសិទ្ធភាព ៕ជ្រោយពេជ្រ