ព័ត៌មានទាន់ហេតុការណ៍៖

អង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការលើភស្តុតាងនៅក្នុងសំណុំរឿង ០០២/០២,កំណត់កាលបរិច្ឆេទសម្រាប់ដាក់សារណាបិទបញ្ចប់កិច្ចពិភាក្សាដេញដោលជាលាយលក្ខណ៍អក្សរនិងសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោល

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃពុធទី១១ ខែមករា ឆ្នាំ ២០១៧ អង្គជំនុំជម្រះសាលាដំបូងបានបិទបញ្ចប់សវនាការលើភស្តុតាង នៅក្នុង សំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងបទចោទប្រកាន់ស្តីពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន ។

អង្គជំនុំជម្រះបានចាប់ផ្តើមសវនាការលើភស្តុតាង នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៥ និងបានស្តាប់ការបង្ហាញភស្តុតាងលើ ប្រធានបទស្តីពីសហករណ៍ត្រាំកក់ (រួម ទាំងមន្ទីរសន្តិសុខក្រាំងតាចាន់ និងការ ប្រព្រឹត្តលើពុទ្ធសាសនិក) ការដ្ឋានទំនប់ ១មករា ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង ការដ្ឋានទំនប់ត្រពាំងថ្ម ការប្រព្រឹត្តិលើជនជាតិចាម និងវៀត ណាម មន្ទីរសន្តិសុខអូរកន្សែង មន្ទីរ សន្តិសុខភ្នំក្រោល និង មន្ទីរសន្តិសុខ ស-២១ និងការបោសសម្អាតផ្ទៃក្នុងការចេញបទ បញ្ជាអំពីការរៀបអាពាហ៍ពិពាហ៍លក្ខណៈ នៃជម្លោះប្រដាប់អាវុធ និងជាចុងក្រោយ តួនាទីរបស់ជនជាប់ចោទ ។

អង្គជំនុំជម្រះបានធ្វើសវនាការរយៈពេល២៧៤ថ្ងៃ នៅក្នុងសំណុំរឿង ០០២/០២ និងបានស្តាប់សក្ខីកម្មសាក្សីចំនួន១១៤នាក់ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៦៣នាក់ និង អ្នកជំនាញចំនួន៨នាក់ ។ លើសពីនេះទៀតអង្គជំនុំជម្រះបានផ្តល់ឱកាសឲ្យភាគីបង្ហាញភស្តុតាងជាឯកសារសំខាន់ៗ ពាក់ព័ន្ធនឹងប្រធានបទសវនាការនីមួយៗ និងបានស្តាប់ការបញ្ជាក់បឋមរបស់សហមេធាវីនាំមុខ តំណាងដើមបណ្តឹងរដ្ឋប្បវេណីស្តីពីការទាមទារសំណង។ នៅក្នុងអំឡុងពេលសវនា ការសំណុំរឿង០០២/០២នេះ មាន សាធារណជនសរុបចំនួន ៧៧.៦០៤នាក់ បានចូលរួមស្តាប់ដោយផ្ទាល់នៅ ក្នុង សាលសវនាការរបស់ អ.វ.ត.ក ។

អង្គជំនុំជម្រះបានកំណត់កាលបរិច្ឆេទសម្រាប់ដាក់សារណាបិទបញ្ចប់កិច្ចពិភាក្សាដេញដោលជាលាយលក្ខណ៍អក្សរ នៅថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៧។ កាលបរិច្ឆេទ សម្រាប់បណ្តឹងទាមទារសំណងចុងក្រោយ របស់សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៧ ។ សេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលនឹងចាប់ធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ដោយ សហមេធាវីនាំមុខតំណាងដើមបណ្តឹង រដ្ឋប្បវេណី មានរយៈពេល១ថ្ងៃ ដើម្បីបង្ហាញសេចក្តីសន្និដ្ឋានរបស់ខ្លួន ។ សហព្រះ រាជអាជ្ញាមានរយៈពេល៣ថ្ងៃ ហើយមេធាវីការពារក្តីក្រុមនីមួយៗមានរយៈពេល២ ថ្ងៃ ដើម្បីបង្ហាញសេចក្តីសន្និដ្ឋានរបស់ខ្លួន ។ អង្គជំនុំជម្រះបានកំណត់រយៈពេល១ថ្ងៃ សម្រាប់ការរៀបចំការធ្វើសេចក្តីសន្និដ្ឋានតប និងបានកំណត់រយៈពេល៤ម៉ោង សម្រាប់ការធ្វើសេចក្តីថ្លែងចុងក្រោយរបស់ជនជាប់ចោទផងដែរ ប្រសិនបើជនជាប់ចោទជ្រើសរើសអនុវត្តសិទ្ធិនេះ ។

សំណុំរឿង០០២/០១ ប្រឆាំងនឹងជន ជាប់ចោទដដែលនេះ ដែលរួមមានបទចោទអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ ការផ្លាស់ទីលំនៅ ប្រជាជនផ្សេងៗទៀត និងការសម្លាប់នៅ ទួលពោធិ៍ជ្រៃ បានបញ្ចប់ដោយមានការ ចេញសាលដីកាស្ថាពរ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ កន្លងមក ។

អង្គជំនុំជម្រះសាលាដំបូងនឹងសម្រេចផងដែរ ចំពោះអង្គហេតុ និង បទចោទនានា ដែលនៅសេសសល់ នៅក្នុងសំណុំរឿង ០០២ នាពេលឆាប់ៗខាងមុខនេះ ។

អង្គជំនុំជម្រះសាលាដំបូង បានប្រកាសផ្អាកសវនាការរហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ដែលជាកាលបរិច្ឆេទសម្រាប់ ការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោល។ បន្ទាប់ពីការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ច ពិភាក្សាដេញដោល អង្គជំនុំជម្រះនឹងចេញសាលក្រមក្នុងសំណុំរឿង ០០២/០២ នៅក្នុងរយៈពេលសមស្របខាងមុខ ៕ សហការី

ksnc


ចែករំលែក៖