ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងទិសដៅឆ្នាំ២០១៧នៅសាលាកាកបាទក្រហមរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០១៦ និងទិស ដៅផែនការឆ្នាំ២០១៧ របស់សាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ ។

លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈ អភិបាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានរាយការណ៍ឱ្យដឹងថាក្នុងឆ្នាំ២០១៦ កន្លងមកនេះ ដោយកិច្ចខិតខំប្រឹងប្រែងរបស់គណៈកិត្តិយសគណៈកម្មាធិការសាលានិង គណៈកម្មាធិការសាខាទាំង១២ មន្ត្រីប្រតិ បត្តិ អ្នកស្ម័គ្រចិត្តអនុយុវជនកាកបាទ ក្រហមកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធទាំង អស់បានធ្វើឱ្យសាខាកាកបាទក្រហមកម្ពុជាសម្រេចបានសមិទ្ធផល និងការងារជាច្រើន កាលពីឆ្នាំ២០១៦កន្លងមកនេះ ។

លោក ប៉ា សុជាតិវង្ស បញ្ជាក់ជូនថាឆ្លង តាមកិច្ចប្រជុំរយៈពេលពេញមួយថ្ងៃអង្គ ប្រជុំបានប្ដេជ្ញាចិត្តរួមគ្នាដើម្បីពុះពារជម្នះ គ្រប់ឧបសគ្គដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតមាននិងបានឯកភាពទៅលើទិសដៅ អនុវត្តន៍ការងាររបស់សាខា កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ឆ្នាំ២០១៧ ដែលជាឆ្នាំយុទ្ធសាស្ត្រ ក្នុង ការពង្រីកវិសាលភាព នៃការផ្ដល់សេវា លើការងារមនុស្សធម៌ពង្រឹង និងពង្រីកការទទួលខុសត្រូវដោយត្រូវបន្តកសាងសមត្ថភាព អភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធាន ដើម្បីធានាបាននូវស្ថិរភាពការងារភាពម្ចាស់ការផ្នែកហិរញ្ញវត្ថុរបស់សាខា និងអនុសាខា ក្នុងបុព្វហេតុបន្តជួយសង្គ្រោះ និងដោះ ស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋឱ្យរួច ផុតពីការរងគ្រោះ និងភាពងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ខ្ពស់ទន្ទឹមគ្នាទៅនឹងការបន្តខិតខំកៀរគរ ប្រភពចំណូល និងការចូលរួមឧបត្ថម្ភគាំទ្រ ពីសប្បុរសជន អង្គការជាតិ អន្តរជាតិ និងដៃគូ អភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ មនុស្សធម៌និងការលើកតម្លៃ មនុស្សជាតិ ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ចំនួនប្រាំដូចខាងក្រោម ៖

ទី១៖ សូមបន្តថែរក្សាសាមគ្គីភាព និង ឯកភាពផ្ទៃក្នុង ឱ្យបានជិតស្និទ្ធ និងមាន ភាពសុខដុមរមនារវាង គណៈកិត្តិយស គណៈកម្មាធិការសាខា គណៈកម្មាធិការ អនុសាខា និងក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់កិត្យានុភាពអង្គភាពរបស់ខ្លួន ក៏ដូចជាស្ថាប័នកាកបាទក្រហមទាំងមូល ហើយយើងទាំងអស់គ្នាត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុងគឺជាកត្តាជ័យជម្នះគ្រប់ ភារកិច្ច ។

ទី២៖ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍធនធានទាំងថ្នាក់សាខា និងអនុសាខា តាមទិសវិមជ្ឈ ការ និងវិសហមជ្ឈការ ដែលជាមូលដ្ឋាន គ្រឹះដ៏សំខាន់ក្នុងការបង្ខិតសេវាមនុស្សធម៌ ឱ្យទៅកៀកជិតប្រជាពលរដ្ឋ សំដៅបង្កើន ជំនឿជឿជាក់ពីសំណាក់សហគមន៍ និង មជ្ឈដ្ឋានទូទៅ ។

ទី៣៖ ខិតខំបន្តបេសកកម្មមនុស្សធម៌ឱ្យកាន់តែសកម្មខ្លាំងក្លា និងត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថ ភាពសហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការ គាំពារ ថែរក្សា និងកែលម្អសេវាសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេស ក្រុមជនងាយរងគ្រោះរួមមានចាស់ជរា ជន គ្មានទីពឹង ស្ត្រីមេម៉ាយទុរគត ស្ត្រីសម្រាល កូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ ។

ទី៤៖ ត្រូវបន្តពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម កម្ពុជាឱ្យទៅជាបណ្តាញដ៏រឹងមាំ និងជា កម្លាំងចលករដ៏សកម្មក្នុងការផ្តល់សេវា មនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និង មាននិរន្តរភាព ។ ជាមួយគ្នានេះគួរបន្តជំរុញ ដល់យុវជន និងអ្នកស្ម័គ្រចិត្តឱ្យកាន់តែ សកម្មថែមទៀត ក្នុងចលនាមិត្តអប់រំមិត្ត ដើម្បីទប់ស្កាត់នូវការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ការរំលោភ បំពាន ការជួញដូរផ្លូវភេទលើស្ត្រី និងកុមារ និងការប្រព្រឹត្តអំពើហិង្សានានាដែលកើតមានក្នុងសង្គម ព្រមទាំងបញ្ជ្រាបការងារ មនុស្សធម៌ទៅដល់សិស្សនិស្សិត និងយុវជន នៅតាមអនុវិទ្យាល័យ វិទ្យាល័យគ្រឹះស្ថាន ឧត្តមសិក្សា និងសហគមន៍ ដើម្បីឱ្យពួក គេយល់ដឹង និងចូលរួមដោយស្ម័គ្រចិត្ត ក្នុងសកម្មភាពមនុស្សធម៌ លើកកម្ពស់ គុណភាពជីវិតកិត្តិយសមនុស្សជាតិ និង សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ និងជន ងាយរងគ្រោះ។

ទី៥ ៖ ត្រូវបន្តពង្រឹង និងពង្រីកសមាជិក ភាពលើកកម្ពស់និងកៀរគររកមូលនិធិ និង ការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ដើម្បី ពង្រឹងភាពម្ចាស់ការនៃការអភិវឌ្ឍស្ថាប័ន និងត្រូវរក្សាឱ្យបាននូវ គោលការណ៍តម្លា ភាព និងគណនេយ្យភាព នៃការប្រើប្រាស់ មូលនិធិ និងទ្រព្យសម្បត្តិរបស់សាខា ៕ ហេង សូរិយា

swe (1) swe (2)

swe (3)


ចែករំលែក៖