ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអំពើហិង្សានៅក្នុងគ្រួសារធ្វើឲ្យបុរសជាប្តីចិត្តខ្លាំងកាន់ដបសាំងចាក់ដុតលំនៅឋាន

ចែករំលែក៖

ខេត្តកណ្តាលៈ អំពើហិង្សានៅក្នុងគ្រួសារមួយបានកើតឡើងដោយសារតែបុរសជាប្តីយកស្រាជាត្រីមុខ រហូតឈានដល់វាយដំច្រាំធាក់ស្ត្រីជាប្រពន្ធបណ្តាលឲ្យរងរបួស ជនសង្ស័យជាប្តីនៅតែមិនអស់ចិត្តក៏ទាញយកដបសាំងចាក់ដុតលំនៅដ្ឋាន ចោលបង្កឲ្យមានការភ្ញាក់ផ្អើកនៅវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចទួលស្លែង ស្ថិតនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខ្លី ញ៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ សែម សុខអេង ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យនិងស្ត្រីរងគ្រោះរស់នៅផ្ទះជាមួយគ្នាក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង។

លោកអធិការបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យបានដើរទៅផឹកស្រាជាមួយអ្នកភូមិ រហូតស្រវឹងជោកជាំទើបដើរត្រឡប់មកលំនៅដ្ឋានវិញ ។ ពេលមកដល់ផ្ទះឃើញស្ត្រីជាប្រពន្ធកំពុងចាក់ស្បៃនៅក្នុងផ្ទះ ធ្វើឲ្យជនសង្ស័យកើតក្តីខឹងសម្បាក៏ស្តីបន្ទោសទៅលើស្ត្រីជាប្រពន្ធរហូតកើតជាជម្លោះពាក្យសំដីឈានដល់ធ្វើការប្រតាយប្រតបគ្នាទៅវិញទៅមក ។ ភ្លាមៗនោះជនសង្ស័យជាប្តីក៏ទះទៅលើស្ត្រីជាប្រពន្ធ៣ទៅ៤ដៃ បណ្តាលឲ្យរងរបួសលើផ្ទៃមុខ ជនសង្ស័យនៅតែមិនអស់ចិត្តបានស្ទុះទៅយកដបសាំងចាក់ដុតបំផ្លាញផ្ទះចោលថែមទៀត បណ្តាលឲ្យផ្ទះទំហំ៣ម៉ែត្រគុណ៥ម៉ែត្រធ្វើអំពីឈើនិងឬស្សីប្រក់ដំបូលស័ង្កសី ជញ្ជាំងស័ង្កសីរងការខូចខាត ។

ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិលបានចុះទៅអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ

ge (1) ge (2) ge (3) ge (4) ge (5) ge (6)


ចែករំលែក៖