ខេត្តប៉ៃលិន៖ យ៉ាងហោចមនុស្សម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារតែករណីផ្ទុះមីនកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច អូរតាផៃ ភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ លឿង រស្មី ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរបុគ្គលិកអង្គការ HALLO រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ជនរងគ្រោះ ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះ ងុយ ថានី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកអង្គការ HALLO រស់នៅភូមិអូរសំរិល ស្រុកសំឡូតខេត្តបាត់ដំបង រងរបួសធ្ងន់ ត្រូវបានឧទ្ធម្ភាគចក្រ ដឹកយកទៅ សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ។
បច្ចុប្បន្នសាកសព ត្រូវបានរក្សាទុកនៅទីស្នាក់ការរបស់អង្គការ ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបន្តថា ហេតុការណ៍ខាងលើនេះ បណ្តាលមកពីឈ្មោះ លឿង រស្មី (ស្លាប់) បានរាវរកឃើញមីន ប្រភេទ GYATA រួចក៏ធ្វើការដោះមីន តែធ្វើមិនបានជោគជ័យ បណ្តាលអោយផ្ទុះ រងរបួសរហូតដល់បាត់បង់ជីវិតខ្លួនឯង និងបណ្តាលអោយនារីរងគ្រោះម្នាក់ទៀតឈ្មោះ ងុយ ថានី (រងរបួសធ្ងន់) ដែលធ្វើការរុករកមីននៅក្បែរគ្នា ៕ ស សារ៉េត