ខេត្តស្វាយរៀង៖ ជនសង្ស័យ៤នាក់មានម្នាក់ជនជាតិចិនត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការបង្កហិង្សាវាយតប់គ្នាដោយសារជម្លោះក្នុងវង់ផឹកស៊ី រវាងបុគ្គលិកជាជនជាតិចិនដីគោក និងជនជាតិខ្មែរ ដែលបម្រើការងារនៅកាស៊ីណូ «ម៉ុកបាយ» នៅចំណុចផ្សាររាត្រី ភូមិបាវិកណ្ដាល សង្កាត់បាវិត ក្រុងបាវិត វេលាម៉ោង៤ទាបភ្លឺនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ។
នគរបាលក្រុងបាវិត បានឲ្យដឹងថា ជនសង្ស័យជនជាតិខ្មែរ៣នាក់ ដែលព្រួតវាយជនជាតិចិននោះរួមមាន៖ ទី១ ឈ្មោះ វ៉ាន់ សាមាន អាយុ២២ឆ្នាំ រស់នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ទី២ឈ្មោះ ស៊ុន ពន្ធរាយ អាយុ៣១ឆ្នាំ មុខរបរលក់ដូ រស់នៅភូមិតាបិប សង្កាត់បាវិត និងទី៣ ឈ្មោះ កៅ លីហៀង ប្រុស២៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ នៅភូមិតាបិប សង្កាតបាវិត ក្រុងបាវិត។ រីឯជនរងគ្រោះ ឈ្មោះ សែវ អែង ភេទប្រុស អាយុ៣០ ជនជាតិចិនដីគោក មុខរបរបុគ្គលិកកាស៊ីណូ «ម៉ុកបាយ» ។
នគរបាលក្រុងបាវិត បានបន្តថា ខណៈនៅពេលដែលសមត្តកិច្ចចាប់ជនសង្ស័យបានដាក់ក្នុងរថយន្ត ស្រាប់តែបក្ខពួក ជនរងគ្រោះជាជនជាតិចិនខាងលើមានគ្នាជាង២០នាក់ បាននាំគ្នាមកព្រួត វាយរថយន្តរបស់ឈ្មោះប្រុសជាអនុប៉ុស្តិ៍នគរបាលបាវិតបណ្តាលឲ្យរងការខូចខាតកញ្ចក់មុខ និងកញ្ចក់ខាងផងដែរ។
ក្រោយមកសមត្តកិច្ចក៏បានឃាត់ខ្លួនជនជាតិចិនបានម្នាក់ ឈ្មោះ ស៊ី លានឆាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ«ម៉ុកបាយ» រីឯជនជាតិចិនជាច្រើននាក់ទៀត បានរត់ចូលទៅសម្ងំពួននៅក្នុងកាស៊ីណូបាត់។
ជនសង្ស័យទាំង៤នាក់ ត្រូវឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីស្រាវជ្រាវបន្តចាត់ការតាមច្បាប់ ៕ យឹម សុថាន