ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យករណីឃាតកម្មប្លន់យកទ្រព្យមេជាងរៀបការ៉ូធ្លាក់ពីលើអាគារ Easton International Apartment ស្លាប់ទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍បង្កការភ្ញាក់ផ្អើលថាមានមេការខាងរៀបការ៉ូម្នាក់បានធ្លាក់ពីលើអាគារកម្ពស់២២ជាន់ មកទើលើដំបូលផ្ទះក្បែរកន្លែងកើតហេតុ ហើយប្រកាច់ធ្លាក់ចុះមកដី ត្រូវបានកូនជាងរបស់ខ្លួនដឹកតាមរ៉ឺម៉ក់កង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់មកក៏បានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ត្រង់អាគារ Easton International Apartment កំពុងសាងសង់ ដែលមានលេខ២៣ ភូមិ២ ផ្លូវ៥១ កែងនិង ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមម្តាយមីងជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធន់ ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជាងមេជាការ៉ូ មានស្រុកកំណើតនៅភូមិអូរ ឃុំកាត់ភ្លុក ស្រុកបរសែត ខេត្តកំពង់ស្ពឺ ។ហើយបើយោងតាមប្រភពព័ត៌មានពីកូនជាងម្នាក់ឈ្មោះ លឹម សុផាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកូនជាងការ៉ូ មានស្រុកកំណើតនៅខេត្តកំពង់ធំ បានប្រាប់អោយដឹងថា ជនរងគ្រោះខាងលើទើបតែមកធ្វើការសំណង់នៅការដ្ឋានសំណង់អាគារ Easton International Apartment បានតែ២ថ្ងៃទេ ហើយនៅល្ងាចថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីងូតទឹកហូបបាយនិងឡើងដេកជាមួយខ្លួនធម្មតាទេ ស្រាប់តែព្រឹកឡើងនៅថ្ងៃកើតហេតុ ពេលភ្ញាក់ឡើងមិនឃើញជនរងគ្រោះក្រោកតាំងពីពេលណា និង មានសំលេងអូអរបង្កការភ្ញាក់ផ្អើលទើបចុះទៅមើលបានដឹងថាជាមេជាងហើយជាជនរងគ្រោះខាងលើក៏បានហៅរ៉ឺម៉កកង់បីដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែត្រូវបានស្លាប់បាត់ទៅហើយដោយមានស្នាមជាំត្រង់ទ្រូង ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុ ស្រាប់តែមានមនុស្សធ្លាក់ឬក៏លោតពីជាន់ទីប៉ុន្មាននោះទេ មានអ្នកខ្លះថាសង្ស័យជាន់ទី២ និង មតិខ្លះថាជាន់ទី៥ ហើយធ្លាក់មកទើលើដំបូលផ្ទះនៅខាងត្បូងប្រកាច់មួយសន្ទុះក៏ធ្លាក់មកលើដីតែម្តងទៅ ។

ដោយឡែកយោងតាមសំដីមេការការដ្ឋានសំណង់អាគារ Easton International Apartment ឈ្មោះ ហាវ ភេទប្រុស អាយុ៤០ឆ្នាំ បានប្រាប់អោយដឹងថា គាត់បានឡើងទៅពិនិត្យឃើញសម្ភារះរបស់ជនរងគ្រោះខាងលើ ត្រូវបានគេរ៉ើកកូរកកាយយកទ្រព្យសម្បត្តិ ដូចជា ទូរស័ព្ទ កាបូបលុយ និង សំលៀកបំពាក់មានភាពរ៉េរ៉ៃគឺមានមនុស្សមករ៉ើតែមិនបានដឹងជានរណាទេ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យបានពិនិត្យលើសាកសពជនរងគ្រោះឃើញមានស្នាមជាំនៅទ្រូងដោយផត់ចូលខាងក្នុង ដែលធ្លាក់មកពីលើទើលើដំបូលផ្ទះអាចបាក់ឆ្អឹងជំនីបណ្តាលអោយស្លាប់ តែនៅកមានស្នាមខ្សែរឹតផងដែរ ។

ចំណែកឯការដ្ឋានសំណង់អាគារ Easton International Apartment ត្រូវបានសមត្ថកិច្ចផ្អាកបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យ និង សាកសួរព័ត៌មានពីកន្លែងកើតហេតុអោយដឹងថាករណីខាងលើជាករណីអ្វីអោយពិតប្រាកដ តើជាករណីឃាតកម្មសម្លាប់ប្លន់យកទ្រព្យសម្បត្តិឬករណីមិនចង់រស់លោតសម្លាប់ខ្លួនឯង? ៕ស តារា

1

5
2 3


ចែករំលែក៖