ខេត្តកំពង់ធំ៖ ជនសង្ស័យចំនួន៦នាក់ត្រូវបានអាវុធហត្ថខេត្ត ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ បន្ទាប់ពីបានចូលទៅរំដោះយកវត្ថុតាងបទល្មើសរថយន្តដឹកឈើ២គ្រឿង កាលពីទាបភ្លឺចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដែលបានរក្សាទុកនៅមុខស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ឃុំសណ្តាន់ ស្រុកសណ្តាន់។
តាមប្រភពពត័មានពីអ្នកដឹកឈើម្នាក់បានប្រាប់សមត្ថកិច្ចថា ឈើនេះបានដឹកចេញពីតំបន់ព្រៃឡង់ ក្នុងដែនការពាររបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ ម្ចាស់ឈើឈ្មោះ ផាន់នី ជាភរិយាលោកអួង ម៉ាលី អធិការស្រុកសណ្តាន់ ។ ចំនែកលោកអួង ម៉ាលី បានឆ្លើយថា ប្រពន្ធគាត់មិនរកស៊ីបទល្មើសឈើទេ ឯលោក សៅវណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់បានឆ្លើយថា ម្ចាស់រថយន្តដឹកឈើបានរត់គេចខ្លួនកំពុងបើកការស្រាវជ្រាវតាមចាប់។
លោក ឡងគីសឹង អភិបាលស្រុកសណ្តាន់បានឲ្យដឹងថា បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថឃាត់រថយន្តដឹកឈើចំនួន២គ្រឿងកាលល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំនុចព្រៃឡង់ ឃុំដងកាំបិត ស្រុកសណ្តាន់ខេត្តកំពង់ធំតាំងយប់ថ្ងៃទី១២ ខែមករា រហូតមកដល់ពេលទាបភ្លឺ ចូលថ្ងៃទី១៤ ខែមករា ស្រាប់តែមានជនសង្ស័យមួយក្រុមធំ បានជិះរថយន្តម៉ាកហៃលែនឌ័រ១គ្រឿង បាននាំគ្នាធ្វើសកម្មភាព គាស់ដួយ ប្តូរកង់រថយន្តនិងបញ្ឆេះរថយន្តបំរុងបើកចេញ តែត្រូវបានលោកអភិបាលស្រុកសណ្តាន់ ចេញមកហាត់ប្រាណ ក៏ប្រទះឃើញក៏បើករថយន្តរបស់លោកមកឃាំងពីក្រោយ ដើម្បីឃាត់រថយន្តឈើនៅពេលនោះក្រុមជនសង្ស័យបានបើករថយន្តហៃលែនឌ័រ រត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចដេញស្ទាក់ឃាត់បានហើយបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ៕ ប៊ុន រិទ្ធី