ខេត្តកំពង់ធំ៖ លោក តន វ័ន ជាជនពិការជើងទាំង២ដោយសារ គ្រោះថ្នាក់ជាន់មីនក្នុងសមរភូមិកាលពីសម័យសង្រ្គាម ត្រូវបានយកចិត្តទុកដាក់ និងទទួលបានផ្ទះមួយខ្នង ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ។
ពិធីប្រគល់ផ្ទះ១ខ្នងជូនដល់អតីតយុទ្ធជនពិការជើងទាំង២ លោក តន វ័ន អាយុ៥៣ឆ្នាំ មានកូន៥នាក់ រស់នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាអំណោយផ្ទះលើកទី២១ ធ្វើអំពីឈើ ប្រកស័ង្ខសី ទំហំ ៤គុណ៦ ចំណាយថវិការ ៤៧៦០០០០រៀល នៅព្រឹកថ្ងៃទី១៦មករាឆ្នាំ២០១៧។
លោក ឧត្តមសេនីយ៍ត្រី សោមស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា បានបញ្ជាក់ថា ក្រោយពីបានចុះតាមមូលដ្ឋាន បានជួបនឹងគ្រួសារអតីតយុទ្ធជន និងជាជនពិការជើងទាំង២ រស់នៅក្នុងខ្ទមកំសត់ គ្មានផ្ទះសំបែងសមរម្យ ប្រកបមុខរបរអូសមោង រកត្រីចិញ្ចឹមគ្រួសារ បានព្រឹកខ្វះល្ងាច ទើបបាននាំសហការី រួមជាមួយក្រុមប្រឹក្សាឃុំកកោះស្រុកសន្ទុក បានប្រគល់ផ្ទះមួយខ្នង និងបានផ្ដល់ជូនអង្ករ២៥kgs មីយើង០១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យួរ និងថវិកាចំនួន១០០.០០០៛ ។លោកបានបញ្ចាក់ថា អតីតយុទ្ធជនត្រូវបានយកចិត្តទុកដាក់ និងជម្រុញឲ្យប្រធានសមាគម ស្រុកក្រុង ឃុំ សង្កាត់ ចុះធ្វើបច្ចុប្បន្នភាពរបស់អតីតយុទ្ធជនដល់មូលដ្ឋាន ដើម្បីឲ្យដឹងពិតប្រាកដ ពីជីវភាពរស់នៅ ទុក្ខលំបាក និងភាពខ្វះខាត ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ និងដោះស្រាយឲ្យបានទាន់ពេលវេលា មិនទុកឲ្យគ្រួសារអតីតយុទ្ធជនណាម្នាក់ ដែលពុំបានមើលថែ ពីសំណាក់អាជ្ញាធរនោះឡើយ ៕ ប៊ុន រិទ្ធី