ភ្នំពេញ៖ ម៉ូតូចំនួន២គ្រឿង ត្រូវបានក្រុមសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចាក់អង្រែ សហការនឹងកងរាជអាវុធខណ្ឌចំការមន និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យឆែកឆេររកឃើញនៅផ្ទះ គ្មានលេខ ក្រុមទី៩ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ តាមរយះប្រព័ន្ធGPS របស់ម្ចាស់ម៉ូតូជាជនរងគ្រោះកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។ នេះបើតាមការអះអាងលោកអនុសេនីយ៍ឯក ហ៊ុត វណ្ណា នាយនគរបាលប៉ុសិ៍្ត រដ្ឋបាលចាក់អង្រែកាលពីព្រឹកម្សិលមិញ។
លោកនាយនគរបាលប៉ុសិ៍្តដដែលបញ្ជាក់ឲ្យដឹងទៀតថា ម៉ូតូចំនួន២គ្រឿងដែលក្រុម សមត្ថកិច្ច ឆែកឆេររកឃើញនោះ គឺ១គ្រឿងម៉ាកNex ពណ៌ក្រហម (របស់ជនសង្ស័យ) និងម៉ូតូគ្រឿងទៀត ម៉ាក ZOOMER-X ពណ៌ខ្មៅស ពាក់ស្លាកលេខ ភ្នំពេញ 1GA-5043 (ម៉ូតូរបស់ជនរងគ្រោះ) ហើយករណីនេះបានកើតឡើងនៅម្តុំសាលាអង្គអេង ខណ្ឌចំការមន។ ម្ចាស់ម៉ូតូក៏បានដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថខណ្ឌចំការមនផងដែរ។
លោកបន្តថា បើតាមការរៀបរាប់ជនរងគ្រោះថា មុនដំបូងក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់ខ្សែក របស់ខ្លួននៅវេលាម៉ោងជាង១យប់រំលងអាធា្រត្រឈានចូលថ្ងៃទី១៦មករានេះ។ លុះក្រុម ជនសង្ស័យឆក់ខ្សែករបស់ខ្លួនបានក៏ជិះម៉ូតូដេញតាម រហូតមកដល់ចំណុចស្ងាត់(មិនចាំ)ក៏ ជនសង្ស័យធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់ខ្លួនថែមទៀត។
លោកនាយប៉ុសិ៍្តបញ្ជាក់ឲ្យដឹងបន្ថែមថា លុះនៅព្រឹកថ្ងៃទី១៦ មករា ម៉ោងជាង៨ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន សហការកងរាជអាវុធហត្ថខណ្ឌមានជ័យ និងប៉ុសិ្ត រដ្ឋបាលចាក់អង្រែលើចុះមកឆែកឆេរផ្ទះគ្មានលេខស្ថិតក្រុម៩ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើតាមរយៈប្រព័ន្ធGPSរបស់ម្ចាស់ម៉ូតូរកឃើញម៉ូតូចំនួន២គ្រឿង។ ប៉ុន្តែជនសង្ស័យ បានគេចខ្លួនបាត់។ លោកបន្តថា ផ្ទះនេះបើតាមការពិនិត្យសង្ស័យជាផ្ទះដែលក្រុមជនសង្ស័យវាធ្វើសកម្មភាពបានពីណាមកយកដោះដូរគ្រឿង នៅផ្ទះនេះ។
លោកក៏បានបញ្ជាក់បន្ថែមថា ជនសង្ស័យបានចាក់សោរផ្ទះពីក្រៅហើយសមត្ថកិច្ច យើងក៏បានសម្រេចចិត្តកាត់ផ្តាច់សោរផ្ទះ ដោយមានការចូលរួមពីសំណាក់លោកចៅសង្កាត់ចាក់អង្រែលើ និងព្រះរាជអាជ្ញាផងដែរ។
លោកថា ក្រោយពីត្រួតពិនិត្យផ្ទះខាងលើ និងបានដកហូតវត្ថុតាងម៉ូតូ២គ្រឿងនោះប្រគល់ឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការ មនវិញ ដើម្បីដោះស្រាយតាមច្បាប់។ ផ្ទះនោះក៏ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន៕ តាឡឹម