ភ្នំពេញ ៖ អ្នកលក់ដូរនៅតាមរបង សាលាបាក់ទូកស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករាជាច្រើនបាននាំគ្នារិះគន់ បុរសម្នាក់ដែលគាត់អះអាងថាជាសន្តិសុខប្រចាំសង្កាត់វាលវង់បានដើរទារលុយពី អ្នកលក់ដូរកំប៉ិកកំប៉ុកដោយប្រើសម្តីមិនសមរម្យ(ឈ្លើយ)ទៅលើពួកគាត់ប្រៀប ដូចឆ្កែឆ្មា ។
អ្នកលក់ចំណីអាហារជាប់របងសាលាបាក់ទូកម្នាក់ដែលបានបង្ហាញរូបថតបុគ្គលជាសន្តិសុខសង្កាត់វាលវង់ម្នាក់ហើយបានថ្លែងដោយសុំមិនបញ្ចេញឈ្មោះប្រាប់ថា សន្តិសុខសង្កាត់វាលវង់ម្នាក់នេះមិនដឹង មានឈ្មោះអ្វីពិតប្រាកដនោះទេ។ ប៉ុន្តែអ្នក ផងគេហៅរហស្សនាមថា «កងចក្រ» បានដើរសម្លុតទារលុយបង់ខែលក់ដូរតាមរបងសាលាមួយកន្លែងៗពី២ម៉ឺនទៅ៦ម៉ឺនរៀល ដើម្បីយកលុយទៅឲ្យលោកស្រីចៅ សង្កាត់។ ប្រសិនបើអ្នកណាម្នាក់មិនព្រមបង់លុយឲ្យគាត់ទេគាត់នឹងបណ្តេញចេញឈប់ឲ្យលក់ទុកឲ្យអ្នកផ្សេងលក់វិញ និងតែងសម្លុតនឹងប្រើសម្តីមិនសមរម្យដូចជានិយាយថា« ស្គាល់អញអត់?» ។ លើសពីនេះទៀតអ្វីដែលគួរឲ្យហួសចិត្តទៀតនោះ បើទោះបីថ្នាក់លើ ឬថ្នាក់សង្កាត់ កុំឲ្យគាត់ប្រើអាកប្បកិរិយាបែបនេះក៏ដោយគឺគាត់ មិនស្តាប់ទេសំខាន់គាត់ទារលុយពីអ្នក លក់ដូរឲ្យបានដើម្បីយកទៅបង់ឲ្យសាលាសង្កាត់ ។
គេមិនបានដឹងថា ការទារលុយពីអ្នក លក់ដូរតាមរបងសាលាបាក់ទូកនេះគឺជាផែនការ របស់សាលាសង្កាត់វាលវង់ឬធ្វើឡើងដោយបុគ្គលរហស្សនាម «កងចក្រ» នោះឡើយ ព្រោះថា អ្នកលក់ដូរតាមរបងសាលាបាក់ទូកមានច្រើនកន្លែងណាស់ហើយបើគិតជាលុយបង់ខែវិញមិនតិច ជាងលានរៀលនោះឡើយ។ តើលុយនេះ គេយកទៅបង់ឲ្យសាលាសង្កាត់ ឬចូលក្នុង ហោប៉ៅបុគ្គល «កងចក្រ»?
ទាក់ទិននឹងការលើកឡើងខាងលើនេះ ភ្នាក់ងារកាសែតនគរវត្តមិនអាចសុំការបកស្រាយពីបុគ្គលឈ្មោះ «កងចក្រ» និង លោកស្រីចៅសង្កាត់វាលវង់បានឡើយ កាលពីម្សិលមិញ ។
ទោះយ៉ាងណាជុំវិញវិវាទរឿងទារលុយ អ្នកលក់ដូរតាមរបងអគាររដ្ឋបែបនេះបានកើតមាននាពេលថ្មីៗនេះនៅមណ្ឌលសុខភាពផ្សារដើមថ្កូវខណ្ឌចំការមនម្តងរួចមកហើយរហូតសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ថា បានជំរិតយកលុយពីអ្នកលក់ដូរតាម របងមណ្ឌលសុខភាពមួយនេះ។ ចំណែករឿងរ៉ាវនៅរបងសាលាបាក់ទូកនេះវិញ តើ យ៉ាងណាដែរ? ៕ ស រស្មី