ភ្នំពេញ ៖ មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី១ បង្កឲ្យប្រជាពលរដ្ឋនាំយកបំពង់ពន្លត់អគ្គីភ័យ យកមកបាញ់នៅតែមិនរលត់ទៀត ក៏ទាក់ទងទៅសមត្ថកិច្ចមកជួយអន្តរាគមន៍ និងរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ផងដែរ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៦១B ក្រុម១៤ ភូមិ៨ តាមបណ្ដោយផ្លូវលេខ៩៥ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលអគ្គីភ័យឆាបឆេះចេញពីជាន់ទី១ គេសង្គេតឃើញមានផ្សែងហុយចេញពីផ្ទះល្វែង២ជាន់ បន្ទាប់ពីមានផ្សែងហុយចេញ មួយសន្ទុះក្រោយមក ស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើង ។
ភ្លាមៗនោះផងដែរ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយអន្តរាគមន៍ជាច្រើនគ្រឿង ចុះអន្តរាគមន៍ដល់ទីតាំងខាងលើបាញ់ទឹកពន្លត់ភ្លើង ទប់ស្កាត់មិនឲ្យភ្លើងឆេះរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋដទៃទៀត ។
យ៉ាងណាមិញ អគ្គីភ័យនេះរងការខូចខាត់ទ្រព្យមួយចំនួនតូចប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរមូលហេតុនៃគ្រោះអគ្គិភ័យនេះគឺផ្តើមមកការឆ្លងចរន្តអគ្គីសនី។ រហូតមកដល់ម៉ោង៤និង៤៥នាទីរសៀល ថ្ងៃ ខែដដែល ភ្លើងបានរលត់វិញ ដោយប្រើប្រាស់រថយន្តតពន្លត់អគ្គីភ័យបាញ់ទឹកអស់២គ្រឿង ៕ ស រស្មី