ខេត្តកំពង់ធំៈ លោកអិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំដឹកនាំកំលាំងសមត្ថកិច្ចនគរបាល ចុះបង្រ្គាបនិង ឃាត់ខ្លួនមនុស្ស៨នាក់ក្នុងនោៈមានលោកសង្ឃ១អង្គ ពីករណីជួញដូរនិងចែកចាយគ្រឿងញៀន នៅក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ ហេតុការណ៍នេៈបានធ្វើឡើងកាលពីថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០១៧។
លោក អ៊ិត សុធា បានឲ្យដឹងថា ករណីចុះបង្រ្កាបគ្រឿងញៀននេះ គឺបានដឹកនាំកម្លាំងសមត្ថកិច្ចប៉ូលិសស្នងការនគរបាលខេត្តកំពង់ធំ បានធ្វើឡើងពេញមួយថ្ងៃ ចាប់តាំងពីព្រឹក រហូតមកដល់ ម៉ោង៨.៣០នាទីយប់ថ្ងៃទី១៧នេះ លទ្ធផលដែលបង្រ្កាបបានគឺសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៨នាក់ រថយន្តមួយគ្រឿង ទូរស័ព្ទដៃ២០គ្រឿង ថ្នាំញៀនប្រភេទបេតហ្វេតាមីន មួយកញ្ចប់ធំ ម៉ូតូ៣គ្រឿង ។
ក្នុងចំណោម៨នាក់គឺមានលោកសង្ឃ១អង្គប្រើប្រាស់គ្រឿងញៀនបច្ចុប្បន្នគង់នៅវត្តចំណាក់ ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនសិស្សសាលាម្នាក់ ដែលដើរតួជាអ្នកនាំគ្រឿងញៀនទៅឲ្យសិស្សសាលាប្រើប្រាស់ ក្នុងវិទ្យាល័យសេរីសោភ័ណ ដែលកំលាំង សមត្ថកិច្ចយើងបានតាមដានយូរមកហើយ ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំទាំងយប់ និងរងចាំធ្វើកំណត់ហេតុនៅព្រឹកថ្ងៃទី១៨បន្ត ដើម្បីដំណើរការតាមនិតិវិធីច្បាប់ ដោយខណៈនេះជនសង្ស័យទាំង៨នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ក្នុងនោះក៏មានមហាជនអបអរសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដែលបាន ចុះបង្រ្កាបទប់ស្កាត់ការរាលដាល គ្រឿងញៀននៅក្នុងភូមិសាស្រ្តស្រុកស្ទោង ដោយឡែកប្រជាពលរដ្ឋមានចម្ងល់យ៉ាងខ្លាំងថា ហេតុដូចម្តេចបានជា ក្មេងសិស្សសាលាដែលរៀននៅក្នុងវិទ្យាល័យសេរីសោភ័ណ ជាអ្នកនាំគ្រឿងញៀនទៅបង្វក់ស្មារតីសិស្សក្នុងសាលា បែរជាអាជ្ញាធរស្រុក និងកម្លាំងសមត្ថកិច្ចក្នុងស្រុកអត់ដឹង រួមទាំងលោកគ្រូ និងអ្នកគ្រូ តែបែរជាសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តដឹងទៅវិញ ៕ ប៊ុន រិទ្ធី