ភ្នំពេញ៖ ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានការ ក្តៅក្រហាយយ៉ាងខ្លាំង ចំពោះលោកឧកញ៉ាម្នាក់ ដែលចោទប្រកាន់ថា ពួកគាត់សាងសង់រំលោភយកដី លោកឧកញ៉ានោះ តាមការពិត គឺបងប្អូនប្រជាពលរដ្ឋមួយគ្រួសារនោះ សាងសង់នៅលើដីកម្មសិទ្ធិរបស់ពួកគាត់ពិតប្រាកដ ដែលមានបង្កាន់ដៃកាន់កាប់ដី ធ្លី ចុះហត្ថលេខា ទទួលស្គាល់ពីរដ្ឋអំណាចត្រឹមត្រូវ ។
លោក លាង តាំង អាយុ៦៤ឆ្នាំ អតីត ជាបុគ្គលិក សាលាសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បច្ចុប្បន្នរស់នៅផ្ទះលេខ១៨១ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា ដីដែលពួកគាត់កំពុងសាងសង់ ជារោងតូចមួយប្រក់សង្កសីនេះ គឺជាដីកម្មសិទ្ធផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារពួកគាត់ ដែលមានបង្កាន់ដៃកាន់កាប់ដី ធ្លី ចុះហត្ថលេខា ទទួលស្គាល់ត្រឹមត្រូវពីរដ្ឋអំណាច តាំងពីឆ្នាំ ១៩៩២ មកម៉្លេះ មានបណ្តោយប្រវែង ៧០ម៉ែត្រ និងទទឹង ប្រវែង ៥០ម៉ែត្រ គឺជាដីបឹង ។
បច្ចុប្បន្ននេះពួកគាត់ចាក់ដីបំពេញបានមួយចំណែកទៅហើយ ដើម្បីដាំជាដំណាំហូបផ្លែផ្សេងៗ សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់ ។ ប៉ុន្តែខណៈពេលដែលពួកគាត់កំពុងចាក់ដី និងកំពុងសាងសង់ ជារោងតូចមួយប្រក់សង្កសីនេះ ស្រាប់តែមានកម្លាំងសន្តិសុខរបស់លោកឧកញ៉ាម្នាក់ ឈ្មោះ ថៃ ម៉េងលីម ដែលមានដីឡូត៍ព័ទ្ធរបងជិតនៅក្បែរដីរបស់ពួកគាត់នោះ បានចេញមុខអះអាងមកថា ពួកគាត់សាងសង់រំលោភនៅលើដីរបស់លោកឧកញ៉ាម្នាក់នោះទៅវិញ ។
រឿងនេះធ្វើឲ្យពួកគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំង ហេតុអ្វីបានជាលោកឧកញ៉ា ថៃ ម៉េងលីម នេះ ថា ជាដីរបស់លោកឧកញ៉ាទៅវិញ ខណៈដែលពួកគាត់សាងសង់នៅលើដីរបស់ពួកគាត់ត្រឹមត្រូវ ។
ពាក់ព័ន្ធទៅនិងករណីនេះផងដែរ ក្រោយពីមានការចរចាគ្នាប្រហែលជា១ម៉ោង រវាង តំណាងលោកឧកញ៉ា ថៃ ម៉េងលីម និងលោក លាង តាំង ព្រមទាំងប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ រឿង នេះត្រូវបានបញ្ចប់ទៅវិញ ដោយខាងតំណាងលោកឧកញ៉ា ថៃ ម៉េងលីម យល់ព្រមអនុញ្ញាតិឲ្យលោក លាង តាំង បន្តការសាងសង់បន្តទៀត ៕ តុង សីហា