ព័ត៌មានទាន់ហេតុការណ៍៖

ទៅបោកខោអាវរអិលជើងចូលទឹកស្រះលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បងប្អូនប្រុស ស្រី៣នាក់ នាំគ្នាទៅបោកខោអាវនិងភួយ ហើយក៏ទៅដងទឹកថ្លាក្នុងស្រះយកមកសំអាត តែចៃដន្យ មិនប្រយ័ត្នបានរអិលជើងចូលក្នុងស្រះ បងស្រីឃើញដូច្នេះ ក៏ទៅជួយតែមិនបានសម្រេច ទើបបណ្តាលឲ្យស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជនរងគ្រោះម្នាក់ដែលរួចពីរសេចក្តីស្លាប់ឈ្មោះ ខុន ចិន្តា អាយុ២២ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ត្រូវជាបងស្រី ជនរងគ្រោះទាំងពីរ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ៣នាក់បងប្អូនបាននាំគ្នាទៅបោកភួយ និងខោអាវ នៅទឹកស្រះ ដែលមានចម្ងាយពីផ្ទះជាង១០០ម៉ែត្រ ដោយមានជម្រៅជាង៤ម៉ែត្រ ក្រោយមក ក៏ឲ្យប្អូនប្រុសឈ្មោះខុន សុខណាន អាយុ១៣ឆ្នាំ មានស្រុកកំណើតនៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ទៅដងទឹកថ្លាដើម្បី យកមកសម្អាតខោអាវ ហើយក៏រអិលជើងធ្លាក់ចូលក្នុងស្រះទឹក ឃើញហេតុការណ៍ដូច្នេះ ប្អូនស្រីរងគ្រោះទី២ ឈ្មោះ ខុន ចាន់ឌី អាយុ១៨ឆ្នាំ រស់នៅជាមួយគ្នា ស្ទុះទៅជួយ ក៏លង់ម្នាក់ទៀត ចំណែករូបនាង(ខុន ចិន្តា) ទៅជួយម្នាក់ទៀត តែមិនបាន ដោយសារស្រះទឹកជ្រៅមានចំណោត ក៏ស្រវេស្រវ៉ាឡើងគោកវិញ ស្រែកហៅគេឲ្យជួយ តែជួយមិនទាន់ ។

ប្រភពដដែលបានបន្តទៀត ក្រោយពិនិត្យសាកសពជនរងគ្រោះរួចរាល់ឃើញថា ពិតជាលង់ទឹកពិតប្រាកដមែន សមត្ថកិច្ចក៏បានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី ៕ មាស សុផាត

1 copy 2 copy 3 copy


ចែករំលែក៖