ភ្នំពេញ៖ បុរសម្នាក់ស្រវឹង ស្រាឡើងជោកជាំ និងបានបើក រថយន្តស៊េរីទំនើបទៅ បុកម៉ូតូZOOMER X ពីចំហៀងបណ្ដាលឲ្យយុវជន៣នាក់រងរបួសស្រាល ហើយមិន ឈប់ទទួលខុសត្រូវ ក៏បានបន្តល្បឿនទៅមុខទាំងម៉ូតូរងគ្រោះគៀបជាប់នៅក្រោយរថយន្តអូសជាច្រើនគីឡូម៉ែត្រទើបប្រជាពលរដ្ឋជួយដេញឃាត់ជាប់ ។
ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាខ្លាំង នៅវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅក្រោយវត្តមហាមន្ត្រី តាមបណ្ដោយផ្លូវ២៨៤ កែងនឹងផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេល កើតហេតុនោះគឺ មានយុវជន រងគ្រោះ៣នាក់មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូមួយ គ្រឿងឌុបគ្នាតាមបណ្ដោយផ្លូវ២១៧ (ហៅផ្លូវមុនីរ៉េត) មកពីស្ទុបផ្សារដើមគ តម្រង់មកស្ទុបអាងទឹក ។
បន្ទាប់ពីពួកគេជិះមកដល់ស្ទុបអាងទឹកកែងនឹងផ្លូវព្រះសីហនុ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក LAND CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ20 .2 .3333 ដែលបើកបរ ដោយបុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានធ្វើដំណើរមកពីផ្លូវនេរុហ៍ ក្នុងទិសដៅបញ្ច្រាសគ្នាជាមួយម៉ូតូរងគ្រោះ ហើយរថយន្តនោះ ក៏បានជ្រុលមកបុកម៉ូតូពីចំហៀង ពេញទំហឹង បណ្ដាលឲ្យម៉ូតូដួល ចំណែកឯយុវជនទាំង៣នាក់នោះបានរងរបួសស្រាល ។
ប្រភពដដែលបានបន្តថា ក្រោយពីបង្កហេតុរួច ម្ចាស់រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ ហើយបានបន្ថែមល្បឿនបើករត់ទាំងម៉ូតូនៅក្រោមរថយន្ត តាំងពីស្ទុបអាងទឹក រហូតមកដល់ក្រោយវត្តមហា មន្ត្រី កែងនឹងផ្លូវ១៦៣ ទើបប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានជួយដេញនិងស្ទាក់ជាប់។
បន្ទាប់ក្រោយមក សមត្ថកិច្ចមូល ដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយបាននាំម្ចាស់រថយន្តបង្កយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក ដើម្បីត្រួតពិនិត្យជាតិអាកុល និងទំនាក់ទំនងទៅជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ឲ្យចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូ យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ តាមនីតិវិធី ។
គួរបញ្ចាក់ផងដែរថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺមានប្រជាពល រដ្ឋជាច្រើនដែលនៅកន្លែងកើតហេតុបានរិះគន់យ៉ាងខ្លាំងទៅលើម្ចាស់រថយន្តបង្កដែលជាមន្ត្រីរាជ្យការម្នាក់ដែរ ហើយមានរថយន្តស៊េរីថ្លៃជិះ តែចរឹកថោកទាប ពេលដែលបង្កហេតុបន្តិចបន្ទួចសោះ គេចវេះ
មិនទទួលខុសត្រូវ ៕ ភារ៉ា ដង្កោ