ភ្នំពេញ៖ រថយន្តក្រឡុកសីុម៉ង់ត៍១គ្រឿង បានបើកលឿនជ្រុលបុកគូថរថយន្តដឹកខ្សាច់ពីក្រោយ រងការខូចខាតក្រពឹតមុខយ៉ាងដំណំ ពេលកំពុងបត់ស្ដាំទាំងអស់គ្នា ប៉ុន្តែជាសំណាងល្អ មិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់ រងរបួស ឬក៏ស្លាប់នោះឡើយ បន្ទាប់មករថយន្ត លាយបេតុងខាងលើ បើកបុកគេពីក្រោយហើយ ទាមទារឲ្យរថយន្តដឹកខ្សាច់សងទៀត។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទី រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវវេងស្រេង នៅចំណុចភ្លើងស្តុបទួលពង្រ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកនីស្សាន់ពណ៏ផ្ទៃមេឃអត់ ស្លាកលេខ បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់បានបើកបរធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿនដោយរថយន្តដឹកខ្សាច់បើកមុខ ចំណែកឯរថយន្តម៉ាកហ៊ីណូ ពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ5A-1506 បើកបរដោយបុរសមិនស្គាល់ឈ្មោះដូចគ្នាដែរ បើកពីក្រោយ។ លុះពេលទៅដល់ចំណុចកើតហេតុខាងលើ រថយន្តដឹកខ្សាច់បានបត់ស្ដាំ ហើយរថយន្តក្រឡុក់សីុម៉ង់ត៍នោះ ក៏បត់ស្ដាំដូចគ្នាដែរ ប៉ុន្តែដោយសារបើកកៀកគ្នាពេក ទើបជ្រុលទៅបុកពី ក្រោយរថយន្តដឹកខ្សាច់បណ្ដាលឲ្យរងការខូចខាតតែម្ដង។ បន្ទាប់មកអ្នកបើកបររថយន្តក្រឡុក់សីុម៉ងបានទាម ទារឲ្យរថយន្តដឹកខ្សាច់សងថ្លៃខូចខាត ប៉ុន្តែម្ចាស់រថយន្តដឹកខ្សាច់មិនព្រមសងឡើយ ព្រោះតែរថយន្តក្រឡុកសីុម៉ង់ត៍បុករថយន្តខ្លួនពីក្រោយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ ដោយសារតែមិនត្រូវគ្នាទើបវាស់វែងយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ