ព័ត៌មានទាន់ហេតុការណ៍៖

កីឡាស្នូកឃឺ អាចមានជីវិតរស់ឡើង វិញនៅកម្ពុជា ក្រោមទុនវិនិយោគ ជាង២ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ វិស័យកីឡាស្នូកឃឺទំនងជា មានជីវិតរស់សាជាថ្មី នៅក្នុងចំណោមវិស័យកីឡាជាច្រើនដែលបាននិងកំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ជំរុញឲ្យមានសកម្មភាពយ៉ាងខ្លាំងក្លាមួយរយៈពេលចុងក្រោយនេះ ដោយបានបញ្ជូន ឲ្យទៅចូលរួមប្រកួតប្រជែង ទាំងនៅថ្នាក់អន្តរជាតិ ជាហេតុជំរុញឲ្យលោក មួន ម៉ារ៉ា អតីតតារាងចំរៀងកម្ពុជា សម្រេចចិត្តបោះទុនវិនិយោគប្រមាណជាង២ម៉ឺនដុល្លារ ក្នុងន័យស្រោចស្រង់កីឡាស្នូកឃឺ ឲ្យរស់ឡើងវិញ ។

លោកមួន ម៉ារ៉ា បាននិយាយបែបនេះ ក្នុងពិធីសម្ភោធក្លិបកីឡាស្នូកឃឺ Champion កាលពីរសៀលថៃ្ងទី១៨ ខែមករា ឆ្នាំ២០១៧។

លោក មួន ម៉ារ៉ាបានឲ្យដឹងថា ការបង្កើតក្លិបកីឡាស្នូកឃឺ ឆេមពាននេះឡើង មិនមែនមានន័យថា ក្នុងគោលដៅ ស្វែងរកប្រាក់ចំណេញនោះទេ គោដៅធំមួយគឺចង់អភិវឌ្ឍវិស័យកីឡាស្នូកឃឺ ឲ្យមានជីវិតរស់ឡើងវិញនៅកម្ពុជា បន្ទាប់ពីប្រភេទកីឡានេះត្រូវបានបាត់ឈ្មោះបោះសម្លេងអស់ជាយូរឆ្នាំ និងត្រូវលុបចេញពីបញ្ជីការប្រកួតថ្នាក់ជាតិផងនោះ។

ប្រធានក្លិបស្នូកឃឺថ្មីរូបនេះ បានបញ្ជាក់ថា ដើម្បីធ្វើឲ្យវិស័យកីឡាស្នូកឃឺកម្ពុជាអាចដំណើរការឡើងវិញនាពេលដ៏ខ្លីបាន “លោកនឹងស្នើសុំទៅកាន់គណៈកម្មាធិការអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា ដើម្បីសុំសិទ្ធិបង្កើតសហព័ន្ធកីឡាស្នូកឃឺឡើងវិញ” ។

លោកបន្តថា លោកមានបំណងសុំសហការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីរៀបចំក្បាល ម៉ាស៊ីសម្រាប់ដឹកនាំសហព័ន្ធកីឡាស្នូឃឺអាណត្តិទី១ ព្រមគ្នានឹងការតាក់តែង បទបញ្ជាការប្រកួត លក្ខខណ្ឌមួយចំនួនសម្រាប់ឲ្យសមាជិកចូលរួមអនុវត្តនៅពេលដែលសហព័ន្ធដំណើរការ។

ដើម្បីអភិវឌ្ឍន៍កីឡាជាតិមួយទៅបានប្រកដដោយសក្តានុពល យើងត្រូវការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសយុវជន ដូច្នេះហើយលោកសង្ឃឹមថា ក្លិបកីឡាស្នូកឃឺឆេមពាននេះ គឺជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍន៍បណ្តុះបណ្តាលកីឡាករ កីឡាការិនីថ្នាលឲ្យក្លាយជាកីឡាករជម្រើសជាតិសម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងប្រកួតអន្តរជាតិនានា៕ សារីម

rrrim

 


ចែករំលែក៖