ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់រួមជាមួយគ្រឿងញៀនជិត១គីឡូក្រាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន និងចុះឃាត់ជនខ្លួនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ រួមជាមួយគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន៨៣០,៩ក្រាម នាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរបន្ត ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចក្បាលស្ពានអូរខ្លុង ស្ថិតក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ត្រីចែម ផានិតនាយករិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានឱ្យដឹងថា ជនសង្ស័យជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ គី ស៊ីថា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិ ភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ចំណែកជនសង្ស័យខ្មែរម្នាក់ ឡាវម្នាក់ ត្រូវបានគេចខ្លួន ។

លោកវរសេនីយ៍ត្រីបានបន្តឱ្យដឹងទៀតថា៖ នៅក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ គឺសមត្ថកិច្ចជំនាញបានតាមប្រមាញ់យ៉ាងយកចិត្តទុកដាក់ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ២នាក់បានរត់រួច ដោយសារតែសមត្ថកិច្ចតាមចាប់អ្នកដែលកាន់គ្រឿងញៀន ទើបធ្វើឱ្យជនសង្ស័យខ្មែរម្នាក់ ឡាវម្នាក់រត់រួច ។

លោកបន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតកញ្ចប់គ្រឿងញៀនមួយកញ្ចប់ ច្រកក្នុងថង់អាលុយមីញ៉ូម ពណ៌លឿង មានសញ្ញាផ្កាយប្រាំ ជាសម្គាល់ចំនួនមួយថង់ ដែលមានទម្ងន់៨៣០,៩ក្រាម(ជិតមួយគីឡូក្រាម) និងបានបញ្ជូនខ្លួនមកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តសាកសួរ ។

លោកថា នៅរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចជំនាញកំពុងសាកសួរដើម្បីរៀបចំសំណុំរឿងពាកព័ន្ធក្នុងករណីខាងលើនេះ បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕ មាស សុផាត

treng1


ចែករំលែក៖