ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃបាំង ឃំុ សុីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មាននារីវ័យក្មេងម្នាក់ជាអ្នកបម្រើការងារនៅក្នុងហាងខារ៉ាអូខេយីហោ៩៩៩បាន ខ្យល់គរស្លាប់ ។
លោកវរសេនីយ៍ទោ ម៉ែន សុខឃឿន ជាអធិការនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ សែត ស្រីមុំ អាយុ១៩ឆ្នាំ បម្រើការងារក្នុងហាងខារ៉ាអូខេយីហោ៩៩៩ មានប្តីឈ្មោះ ហុង បូរី អាយុ២២ឆ្នាំ រស់នៅភូមិ-ឃំុកើតហេតុ និងមានកូនប្រុសម្នាក់អាយុ១៥ខែ ។
លោក ម៉ែន សុខឃឿន បានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅធ្វើការជានារីបម្រើខារ៉ាអូខេក្នុងហាងយីហោ៩៩៩នៅត្រង់ចំណុចភូមិឈូក ឃំុសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយ នៅវេលាម៉ោង១២អធ្រាត្រឈ្មោះ ហុង បូរី ត្រូវជាប្តីតែងតែទៅឌុបប្រពន្ធរបស់ខ្លួន ត្រឡប់មកផ្ទះវិញជារៀងរាល់យប់។ លុះ មកដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១១និង៣០នាទីនារីរងគ្រោះ មានអាការចុកពោះខ្លាំងម្ចាស់ហាងនិងអ្នកធ្វើការជាមួយបានជូននារីរងគ្រោះទៅ មណ្ឌលសុខភាពសន្លុង ហើយក៏ទូរស័ព្ទហៅប្តីឲ្យមកមើលប្របន្ធ។
បន្ទាប់មកប្តី របស់នារីរងគ្រោះ និងម្ចាស់ហាងខារ៉ាអូខេបានយកប្រពន្ធទៅមន្ទីរពេទ្យបង្អែកស្រុកពារាំង ខេត្តព្រែវែង។ រហូតដល់វេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៧ នារីរងគ្រោះបានដាច់ ខ្យល់ស្លាប់ ហើយក្រុមគ្រួសារបានដឹកសាក សពត្រឡប់មកផ្ទះវិញ ។
លោក ម៉ែន សុខឃឿន បានបន្តទៀត ថា សមត្ថកិច្ចជំនាញស្រុកបានចុះទៅត្រួតពិនិត្យដោយហ្មត់ចក់ និងមានការចូលរួមពី គ្រូពេទ្យជំនាញ មេភូមិ ក្រុមប្រឹក្សាឃំុ និងក្រុមគ្រួសារសពឃើញថាពំុមានស្នាកស្នាមជាករណីឃាតកម្មទេនិងសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គររួចក៏បានប្រគល់សព ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាម ប្រពៃណី ៕ ហេង សូរិយា