ព័ត៌មានទាន់ហេតុការណ៍៖

បាញ់កាំជ្រួចភ្ញីភ្លើងនៅវ៉ាស៊ីនតោន, បាតុកម្មនៅញូវយ៉កនាយប់មុនពេលឈានដល់ថ្ងៃ ដូណាល់ ត្រាំ ចូលកាន់តំណែង

ចែករំលែក៖

សារព័ត៌មាន AP បានផ្សាយថា មាន ហេតុការណ៍ជាច្រើនបានកើតឡើង នៅពេលដែលសល់តែប៉ុន្មានម៉ោងទៀត ប៉ុណ្ណោះ លោកត្រាំចូលកាន់តំណែងប្រធានាធិបតីអាមេរិក។នៅក្នុងទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោកត្រាំស្បថចូលកាន់តំណែង មានការបាញ់កាំជ្រួចភ្ញីភ្លើង និងពិធីអបអរសាទរ។

ដោយឡែកនៅទីក្រុងញូវយ៉កវិញ មានពលរដ្ឋជាច្រើនបានប្រមូលផ្តុំគ្នាធ្វើបាតុ កម្មនៅមុខសណ្ឋាគារអន្តរជាតិត្រាំ និង អគារនៅជិតរមណីយដ្ឋាន Manhattan។ អ្នកដែលចូលរួមធ្វើបាតុកម្មនោះបាន បង្ហាញពីក្តីព្រួយបារម្ភពីគោលនយោបាយ របស់លោកត្រាំ ក៏ដូចជាកម្មវិធីសុខាភិបាល ផ្សេងទៀត។ អភិបាលក្រុងញូវយ៉ក និង តារាសម្តែង Michael Moore រួមទាំង មនុស្សសំខាន់ៗដែលមានឈ្មោះល្បី ល្បាញក៏បានចូលរួមធ្វើបាតុកម្មផងដែរ។

ក្នុងឱកាសនោះ ប៉ូលិសនិងកងកម្លាំង សន្តិសុខ នៅទីក្រុងវ៉ាស៊ីនតោនបានត្រៀមការពារសន្តិសុខ ដោយសារតែមានមនុស្ស ប្រមាណ៩សែននាក់ ដែលមកចូលរួម មើលពិធី មានទាំងក្រុមអ្នកមកគាំទ្រលោកត្រាំ និងក្រុមបាតុករប្រឆាំងលោកត្រាំផងដែរ។

ទីក្រុង វ៉ាស៊ីនតោន បានពង្រាយកម្លាំងប៉ូលិសប្រមាណ២ម៉ឺន៨ពាន់នាក់ ដើម្បី ត្រៀមការពារសណ្តាប់ធ្នាប់សន្តិសុខ ក្នុងឱកាសលោកដូណាល់ ត្រាំ ស្បថចូល កាន់អំណាចនៅថ្ងៃសុក្រទី២០ ខែមករា នេះ។ ដោយសារតែមនុស្សដែលមកចូល រួមមើលពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ មានទាំងក្រុមអ្នកគាំទ្រ និងក្រុម ប្រឆាំងអាជ្ញាធរអាមេរិកខ្លាចមានការប៉ះ ទង្គិចណាមួយ រវាងក្រុមទាំង២នេះ។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា នេះ ក្រុមបាតុករប្រឆាំងបានធ្វើការតវ៉ានៅមុខអគារ Trump Tower នៅក្រុងញូវយក ផងដែរ ដោយមានវត្តមានចូលរួមពីអភិបាលក្រុងញូវយ៉កលោក បៀល ដឺប្លាស្យូ។

អាជ្ញាធរបានអនុញ្ញាតឲ្យសមាគមជាង ៣០ជួបជុំគ្នានៅថ្ងៃសុក្រ និងថ្ងៃសៅរ៍នេះ។ ក្រុមបាតុកររាប់សែននាក់ មានស្ត្រីយុវជន ក្រុមការពារបរិស្ថានជនជាតិស្បែកខ្មៅ និងសហគមន៍ឡាទីណូ និយាយភាសា អេស្ប៉ាញ រួមទាំងក្រុមសហជីពការងារ ផងដែរ បានសម្តែងការរួបរួមគ្នា ត្រៀមតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតីថ្មី ដូណាល់ ត្រាំ។ គ្រូបង្រៀនមួយចំនួនបានសំដែងការ គាំទ្រដល់សហគមន៍ជនអន្តោប្រវេសន៍ ក្នុងស្រុក។

ថ្ងៃសៅរ៍ ទី២១ ខែមករា នេះស្ត្រីអាមេរិក ២សែននាក់នឹងដង្ហែក្បួនបាតុកម្មប្រឆាំងប្រធានាធិបតី ត្រាំ នៅតាមដងផ្លូវនៅក្រុង វ៉ាស៊ីនតោន។ តែគេរំពឹងថា មានមនុស្ស ចូលរួមដល់ទៅ២សែន៥ម៉ឺននាក់ឯណោះ។ ស្ត្រីអាមេរិកមិនពេញចិត្តនឹង លោក ត្រាំ ដែលធ្លាប់សម្តែងការមើលងាយស្ត្រីភេទ ក្នុងពេលកន្លងមក។ ពួកគេបានបើកចំហឲ្យមានបុរសភេទចូលរួមធ្វើបាតុកម្មជា មួយពួកគេ។ ក្បួនបាតុកម្មស្រដៀងគ្នានេះ ក៏នឹងរៀបចំធ្វើនៅតាមទីក្រុងផ្សេងៗ ក្នុង ប្រទេស និងនៅបរទេសផងដែរ។

ពាក់ព័ន្ធនឹងការចូលកាន់តំណែងនេះដែរ តំណាងរាស្ត្រអាមេរិកមកពីគណបក្ស ប្រជាធិបតេយ្យ៥៩រូបបានប្រកាសថានឹង មិនចូលរួមនៅក្នុងពិធីចូលកាន់តំណែង របស់លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីន តោនឌីស៊ី នាថ្ងៃទី២០ ខែមករា នោះទេ។

លោក ត្រាំ បានផ្តល់បទសម្ភាសន៍ជា មួយ Fox News ដោយបានលើកឡើងពីការមិនចូលរួមរបស់តំណាងរាស្ត្រមកពី គណបក្សប្រជាធិបតេយ្យ។ លោកបាន បញ្ជាក់ថា «អ្នកដែលមិនទៅចូលរួមក៏មិន អីដែរដោយសារតែយើងត្រូវការឲ្យមានកៅអីទំនេរ»។

បណ្តាតំណាងរាស្ត្រមកពីគណបក្ស ប្រជាធិបតេយ្យមិនទៅចូលរួមដើម្បីជាការប្រឆាំងនូវគោលនយោបាយបែងចែក របស់ លោក ត្រាំ ក៏ដូចជាការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិកពីបរទេស។

កន្លងមកតំណាងរាស្ត្រលោក John Lewis កាលពីសប្តាហ៍កន្លងមកបាន ប្រកាសថាលោកនឹងមិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ហើយ មិនទទួលស្គាល់លោក ត្រាំ ជាប្រធានា ធិបតីអាមេរិកនោះឡើយ ដោយសារតែការ បោះឆ្នោតនោះមានការជ្រៀតជ្រែកពីរុស្ស៊ី។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានតបតវិញដោយបញ្ជាក់ថា តំណាង រាស្ត្រមកពីរដ្ឋ Georgia គួរតែចំណាយពេល វេលាជួយដល់តំបន់ដែលខ្លួនគ្រប់គ្រងឲ្យបានល្អដោយសារតែទីនោះមានបទល្មើសជាច្រើនកើតឡើងជាជាងអំពាវនាវទាំង ការខុសឆ្គងអំពីលទ្ធផលបោះឆ្នោត។

នៅក្នុងពិធីស្បថចូលកាន់តំណែងនេះត្រូវចំណាយប្រាក់រហូតដល់ទៅ៩០លានដុល្លារ គឺជាចំនួនយ៉ាងច្រើនបំផុតក្នុងការ រក្សាសន្តិសុខសុវត្ថិភាពដោយសារតែ លោក ត្រាំ មានពលរដ្ឋអាមេរិកមួយចំនួន ធំមិនពេញចិត្តលោក។

យោងតាមការបង្ហាញពីប្រព័ន្ធផ្សព្វ ផ្សាយក្នុងស្រុកបានឲ្យដឹងថា ក្រុមរបស់ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានបង្កើនកំណត់ត្រានៃការចំណាយរហូតដល់ទៅ៩០លានដុល្លារ អាមេរិកឯណោះក្នុង១ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ទាក់ទងទៅនឹងថ្ងៃបើកសម្ពោធ និង ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់អាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៧ នេះ៕ ម៉ែវ សាធី

phao_hoa bieu_tinh_3 nham_chuc_Trump_1


ចែករំលែក៖