ខេត្តស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែង បានបង្ហាញមុខក្រុមក្មេងស្ទាវទំនើងចំនួន៤នាក់ប្រើប្រាស់ថ្នាំញៀនព្រមទាំងបង្កភាពអសន្តិសុខក្នុងសង្គម បំផ្លាញសម្បត្តិសាធារណៈ និងមួយករណីទៀតបង្ក្រាបបាន ជនសង្ស័យម្នាក់ពីបទជួ ញដូរថ្នាំញៀនដោយខុសច្បាប់ ដកហូតបានថ្នាំញៀនមួយកញ្ចប់ធំនិងមួយកញ្ចប់តូច នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិថ្មលាត សង្កាត់ ស្រះឫស្សី ក្រុង ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្រាប់ថា ក្រុមក្មេងស្ទាវទំនើងដែលបានប្រើប្រាស់ថ្នាំញៀននិងបង្កភាពអសន្តិសុខសង្គមបានបំផ្លាញសម្បត្តិសាធារណៈខាងលើនោះ ទី១ឈ្មោះ ស្រី លាងគ្រីម ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះចាន់ តយ ភេទប្រុស អាយុ១៥ឆ្នាំ ជាខ្មែរ ទី៣ឈ្មោះ តន់ បូរ៉ា ភេទប្រុស អាយុ១៥ឆ្នាំជាខ្មែរ ទាំងបីនាក់ខាងលើនេះ មានមុខរបរជាសិស្ស រស់នៅភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង និងទី៤ឈ្មោះ ខិត សុខធាភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបររស់នៅក្នុងបន្ទុកឪពុកម្តាយ ទីលំនៅភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង បានដកហូតវត្ថុតាងដែលក្មេងស្ទាវទំនើងធ្វើសកម្មភាពរួមមាន ប្រដាប់ជក់ថ្នាំមួយ កាំបិតតាំងតោមួយ ដែកត្បែងមួយ ខ្សែក្រវាត់មួយបំពង់ទីបមួយដើមនិងម៉ូតូចំនួន៤គ្រឿង ។
ប្រភពបានបន្តថា បន្ទាប់មកក៏បានបញ្ជូនខ្លួនរួមវត្ថុតាងមកកាន់ទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត សួរនាំ ដោយបានឆ្លើយសារភាពថា បញ្ហាថ្នាំញៀនគេបានទិញពីម្នាក់ទៀតយកមកជក់ទេ ដោយបានប្រាប់ឪ្យដឹងនូវមុខសញ្ញារួចហើយនៅថ្ងៃដដែលនោះ ខាងកម្លាំងអាវុធហត្ថខេត្ត ក៏បានតាមប្រមាញ់ទើបឈានទៅការចាប់ឃាត់ខ្លួនបានជនសង្ស័យជួញដូរថ្នាំញៀនម្នាក់មកទៀតរួមនិងដកហូតបានថ្នាំញៀនមួយកញ្ចប់ធំនិងមួយកញ្ចប់តូច ។
សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តបានបញ្ជាក់ថា សង្ស័យម្នាក់ដែលចាប់ឃាត់ខ្លួនបានពីបទជួញដូរគ្រឿងញៀន មានឈ្មោះ អ៊ំុ សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាងជួសជុលរថយន្ត រស់នៅភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុង ខេត្តស្ទឹងត្រែង ។
បច្ចុប្បន្ន ក្រុមក្មេងស្ទាវទំនើង ចំនួន៤នាក់ដែលពាក់ព័ន្ធការប្រើប្រាស់ថ្នាំញៀនព្រមទាំងបង្ករភាពអសន្តិសុខក្នុងសង្គមបំភ្លេចបំផ្លាញសម្បត្តិសាធារណៈ និងជនសង្ស័យម្នាក់ពីបទជួញដូរថ្នាំញៀនខាងលើនោះឥឡូវនេះត្រូវបានមន្ត្រីជំនាញមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តបានរៀបចំកសាងសំុណំុរឿងបញ្ជូនទៅកាន់តុលាការខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ មាស សុផាត