ភ្នំពេញ៖ បុរសជាគ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់បានដេកស្លាប់ក្នុងផ្ទះជួលតែម្នាក់ឯង រហូត
កូនសិស្សបាត់គ្រូបង្រៀនអត់ឃើញទៅបង្រៀន ២ថ្ងៃ បាននាំគ្នាមករកដល់ផ្ទះ ស្រាប់តែបាន ប្រទះឃើញដេកស្លាប់មានសភាពហើមស្អុយទៅហើយទើបនាំគ្នាភ្ញាក់ផ្អើល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខជួលលេខ៤៤ តាមផ្លូវលេខ២៤បេតេ ក្រុម៦ ស្ថិតនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
មន្រី្តនគរបាលប៉ុស្តិ៍បឹងទំពុនបានឲ្យដឹងថា សពបុរសដេកស្លាប់ក្នុងបន្ទប់មានឈ្មោះ BERNARD ROY ភេទប្រុស អាយុ ៦៧ឆ្នាំ ជាជនជាតិអាមេរិក មុខរបរគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាឯកជន ស្នាក់នៅផ្ទះជួលកើតហេតុ ដោយ បន្សល់ទុកម៉ូតូ ១គ្រឿងម៉ាកហុងដាឃ្លីក ពណ៍ខៀវលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AF-2889 ។
ម្ចាស់ផ្ទះជួលឈ្មោះ ប្រាជ្ញ ចន្ធី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានប្រាប់ថា មុនកើតហេតុ មានមានកូនសិស្សសាលាឯកជន ៤ទៅ ៥នាក់ បានមកមើលជនរងគ្រោះដល់បន្ទប់ជួល ព្រោះមិនបានឃើញទៅបង្រៀនសិស្សរយៈពេល ២ថ្ងៃមកហើយ ។ លុះខណៈបើកទ្វារបន្ទប់ខាងក្រៅចូលទៅខាងក្នុង ស្រាប់តែមានចំហាយក្លិនស្អុយភាយៗចេញមកក្រៅ ទើបកូនសិស្សនាំគ្នាអើតចូលមើលតាមចន្លោះទ្វារទៅខាងក្នុង ក៏ឃើញបុរសជនបរទេស ដេកស្លាប់នៅលើសាឡុងក្នុងផ្ទះ និងមានសភាពហើមស្អុយទៅហើយ តើបរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានមកត្រួតពិនិត្យសព ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានទៅដល់ក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញមកធ្វើ កោសល្យវិច័យ ហើយបានសន្និដ្ឋានជាជំហានថាដំបូងថា សង្ស័យជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ ទើបដេកស្លាប់ បែបនេះ ។
បន្ទាប់មកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់សាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា