ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ សួរនាំបន្ទាប់ពីបុរសខាងលើបានគប់រថយន្តហាយឡែនឌ័រ ខណៈកំពុងបើកតាមផ្លូវបណ្តាលឱ្យកំពិតខាងក្រោយផ្នែកខាងស្តាំ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅមុខផ្សារវីលមីង តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែដោយសារម្ចាស់រកមុខមិនទាន់ឃើញរហូតមកដល់វេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ទើបប្រទះឃើញដោយចាំមុខក្នុងការមេរ៉ាសុវត្ថិភាពប្តឹងសមត្ថកិច្ចឃាត់ខ្លួន។
ជនសង្ស័យខាងលើមានឈ្មោះ ប៉ែន ខឹន អាយុ២០ឆ្នាំ មុខរបរលីខោអាវនៅផ្សារអូឡាំពិក ស្នាក់នៅផ្ទះជួលម្តុំផ្សារវីមីនខាងលិចរបងសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានប្រពន្ធឈ្មោះ ទៀ ខ្លា អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយគ្នា។
តាមប្រភពពត៌មានពីម្ចាស់រថយន្តបានអោយដឹងថា នៅមុនពេលកើតហេតុ គឺនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ មានជនមិនស្គាល់មុខបានយកដុំថ្មគប់រថយន្តរបស់គាត់ ម៉ាកហាយឡែនឌឺ ពាក់ស្លាកលេខ ភ្នំពេញ 2AD 1606 ដែលកំពុងតែបើកបរតាមដកផ្លូវបណ្តាលឱ្យកំពិតខាងស្តាំផ្នែកខាងក្រោយ ហើយជនបង្កបានគេចខ្លួនបាត់ ក្រោយមក គាត់បានសុំម្ចាស់ផ្សារវីមីនឆែកមើលកាមរ៉ាសុវត្ថិភាពស្គាល់មុខជនសង្ស័យខាងលើ។ លុះរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ក៏ប្រទះឃើញជនសង្ស័យខាងលើ ទើបប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឱ្យឃាត់ខ្លួនជនសង្ស័យមកសាកសួរតែម្តង។
ក្រោយមកម្ចាស់រថយន្តបានទារថ្លៃខូចខាតចំនួន១០០០ដុល្លារ ប៉ុន្តែជនសង្ស័យបានសុំសំណងត្រឹម៥០០ដុល្លារម្ចាស់រថយន្ត ក៏ព្រមដោយបញ្ចប់រឿងត្រឹមណឹងមិនរំខានដល់សមត្ថកិច្ច ៕ សុខាសែនជ័យ