ភ្នំពេញ៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៤នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍កន្ទោកឃាត់ខ្លួន ខណៈពួកគេនាំគ្នាសម្ងំសេពគ្រឿងញៀនក្នុងបន្ទប់ ហើយត្រូវបានម្ចាស់បន្ទប់ជួល ប្តឹងសមត្ថកិច្ច។
ហេតុការណ៍នេះ កើតហេតុការពីវេលាម៉ោង០៨និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ចំណុចបន្ទប់ជួលលេខ១៨ អគារI ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ ទី១ .ឈ្មោះ ជិន សុភាព ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ(ជាម្ចាស់បន្ទប់)ទី២.ឈ្មោះ ប៊ុនវាសនា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរ និងទីលំនៅមិនពិតប្រាកដ, ទី៣.ឈ្មោះ លឹមពិសិដ្ឋ ភេទប្រុស អាយុ ៣៣ឆ្មាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ, ទី៤.ឈ្មោះ ពន ហា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិព្រៃកាយសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ម្ចាស់បន្ទប់ជួលខាងលើ បានរាយការណ៍មកនគរបាលប៉ុស្តិ៍កន្ទោក ថាមានជនមួយក្រុមកំពុងសង្ងំជក់ថ្នាំញៀននៅចំណុចបន្ទប់ជួលលេខ១៨ អាគារI ភូមិកើតហេតុ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានចូលទៅឃាត់ខ្លួនតែម្តង។
វត្ថុតាងចាប់យកម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០១ថង់តូច សំបកថង់ផ្លាស្ទីកចំនួន២៣កញ្ចប់ ដបទឹកសុទ្ធកែច្នៃសម្រាប់ជក់គ្រឿញៀនចំនួន០១ និងដែកកេះចំនួន០២ដើម ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមនិតិវិធី៕ សុខាសែនជ័យ