ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកអង្កាមជាប់ផុងខំប្រឹងបើកចេញបណ្តាលឲ្យបែកផ្កាភ្លើងឆាបឆេះអង្កាមនិងរថយន្ត

ចែករំលែក៖

ខេត្តកណ្តាល៖ អគ្គីភ័យមួយបានកើតឡើង បណ្តាលមកពីផ្កាភ្លើងបំពង់ស៊ីម៉ាំងរថយន្តដឹកអង្កាម ខណៈបើកជាប់ផុងក្នុងឃ្លាំងហើយព្យាយាមបើកចេញរហូតដល់បែកផ្កាភ្លើងឆេះអង្កាម និងរាលឆេះទាំងរថយន្តតែម្តង ។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងឃ្លាំងស្តុកអង្កាមក្រុមហ៊ុនអង្គររុងរឿង ភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនឈ្មោះ ជីវ ហៀង ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុនអង្គររុងរឿង ទីលំបច្ចុប្បន្ននៅរាជធានីភ្នំពេញ ។ អ្នកបើកបររថយន្តឈ្មោះ តុល សាភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តស៊ីឈ្នួល ទីលំនៅបច្ចុប្បន្ននៅភូមិតាកោ ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ។

ប្រភពអះអាងថា ករណីនេះ បណ្តាលឲ្យខូចខាត៖ រថយន្តយន្ត០១គ្រឿង ម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ 3C.1277 ទម្ងន់៨តោន និងអង្កាមលើរថយន្តខាងលើ០១រថយន្តពេញ ទម្ងន់០៦តោន ។

ករណីនេះប្រើប្រាស់កម្លាំងនគរបាលស្រុក និងប៉ុស្តិ៍២២នាក់ នគរបាលខេត្ត១៨នាក់ កម្លាំងអាវុធហត្ថស្រុក១២នាក់ ប្រជាការពារ២០នាក់ បុគ្គលិកក្រុមហ៊ុនមួយចំនួនទៀត ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យប្រចាំការនៅស្រុក២គ្រឿង រថយន្តខេត្តកណ្តាល២គ្រឿង រថយន្តរាជធានីភ្នំពេញ២គ្រឿង បាញ់ទឹកសរុប១២រថយន្ត និងបាញ់បំពង់ពន្លត់អគ្គីភ័យ១០បំពង់ ហើយភ្លើងបានរលត់ទាំងស្រុងភ្លាមៗផងដែរ ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តដឹកអង្កាមបានជាប់ផុងក្នុងឃ្លាំង ខណៈកាយអង្កាមចុះ ហើយអ្នកបើកបរខំប្រឹងបើករថយន្តចេញបណ្តាលឲ្យបែកផ្កាភ្លើងចេញពីបំពង់ស៊ីមាំង ឆាបឆេះអង្កាមហើយរាលដល់លើរថយន្តតែម្តង ៕

1


ចែករំលែក៖