ប្រជាពលរដ្ឋរស់នៅភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ខ្សឹបខ្សៀវតគ្នាករណីគ្រួសារមួយដែលបានរត់យ៉ាងតក់ក្រហល់រកលុយដើម្បីលោះកូនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចស្រុកព្រៃកប្បាសចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី២៤ ខែមករា ។ ទីបំផុតក្រុមគ្រួសារបានយកដីស្រែដែលធ្លាប់ធ្វើរាល់ឆ្នាំដាក់បញ្ចាំដើម្បីយកលុយបង់ឲ្យសមត្ថកិច្ច ស្រុកព្រៃកប្បាស លោះយកកូនមកវិញ ក្នុងតម្លៃ១៣០០ដុល្លារ ។
ប្រភពខ្សឹបខ្សៀវថា ជនសង្ស័យពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនឈ្មោះ ស៊ន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវបានកម្លាំងប្រដាប់អាវុធជាសមត្ថកិច្ចនៃស្រុកព្រៃកប្បាសប្រើវិធីអូសទាញហើយចាប់បានជាក់ស្តែងក្នុងករណីជួញដូរគ្រឿងញៀន ដែលមាន៣កញ្ចប់ជាប់នឹងខ្លួន ។ ក្រៅពីចាប់ខ្លួន សមត្ថកិច្ចមិនបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់នោះឡើយ ។ ផ្ទុយទៅវិញ នៅព្រឹកថ្ងៃទី២៥ ខែមករា ជនជាប់សង្ស័យ ស៊ន ពិសិដ្ឋ ត្រូវបានដោះលែងក្រោមរូបភាពអប់រំណែនាំ នៅគ្រាដែលក្រុមគ្រួសាររបស់ជនសង្ស័យរូបនេះ បានដើរនិយាយពេញភូមិថា ខ្លួនចំណាយប្រាក់១៣០០ដុល្លារ ដែលបានមកពីការបញ្ចាំស្រែយកទៅប្រគល់ឲ្យសមត្ថកិច្ចប្រដាប់អាវុធស្រុកព្រៃកប្បាស ។
ប្រភពរាយការណ៍ថា ករណីស្រដៀងគ្នានេះបានកើតជាច្រើនលើករួចហើយនៅក្នុងស្រុកព្រៃកប្បាស ។ ករណីជួញដូរគ្រឿងញៀនមិនអាចអប់រំណែនាំឲ្យត្រឡប់ទៅផ្ទះវិញនោះឡើយ ។ ករណីមួយនេះ គឺជាការសិក្សាសម្រាប់ថ្នាក់ខេត្ត ក៏ដូចជាសាលាដំបូងខេត្តពិនិត្យពិចារណាឡើងវិញ ។ យ៉ាងនេះហើយបានជាសមត្ថកិច្ចខ្លះ រអ៊ូរទាំថា បើទោះជាយ៉ាងណា ក៏ចាប់ក្រុមអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនមិនអស់ដែរ ។ គេមិនដឹងថា តើករណីនេះ ថ្នាក់លើនៃអង្គភាព ប្រដាប់អាវុធស្រុកព្រៃកប្បាសមួយនេះបានដឹងដែរឬយ៉ាងណាទេ? ៕