ភ្នំពេញ ៖ បុរសម្នាក់ ទើបចេញពីផឹកសុីផ្ទះមិត្តភក្ដិក្នុងឱកាសបុណ្យចូលឆ្នាំចិន សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន ហើយព្យាយាមបើកជែងនឹងរថយន្ត១គ្រឿងទៀត ដែលបើកនៅពីមុខ តែមិនផុតក៏ជ្រុលទៅបុកពីក្រោយពេញទំហឹង ខ្ទាតទៅបោកនឹងរបងស្ថានីយប្រេងឥន្ធនៈក្រឡាប់ផ្ងារកង់ តែអ្នកបើកបរមិនរងរបួសទេ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈសូគីមិច តាមបណ្ដោយផ្លូវ ឧញ្ញ៉ា ម៉ុងឫទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាជន ដែលនៅម្ដុំនោះ ដែលឃើញហេតុការណ៍ផ្ទាល់បានអោយដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តបង្កមួយគ្រឿងម៉ាកឡិចសុីស RX 330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y 9507 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើបានព្យាយាមបើកជែងជែងរថយន្តមួយគ្រឿងទៀត ម៉ាកឡិចសុីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L 2018 បើកបរដោយ បុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នា ហើយដោយសារតែជែងមិនផុត រថយន្តបានទៅរថយន្តដែលបើកពីមុខពេញទំហិងបណ្តាលអោយរងការខូចខាត រួចហើយរថយន្តបានខ្ទាតទៅបុកនឹងរបាំងថ្ម ពុះចែកទ្រូងផ្លូវហើយរថយន្តមិនទាន់អស់ល្បឿន បានរេចង្កូតទៅបុករបងស្ថានីយប្រេងឥន្ធនៈសូគីមិច បណ្ដាលឲ្យបាក់ហើយរថយន្តបានក្រឡាប់ផ្ងារកង់ តែសំណាងល្អមិនមានការគ្រោះថ្នាក់ដល់អ្នកបើកបរនោះឡើយ ។
បើតាមការបញ្ជាក់ពីមិត្តភក្ដិរបស់ម្ចាស់រថយន្តបង្កបានអោយដឹងថា មុនពេលកើតហេតុម្ចាស់រថយន្តបង្កបានផឹកសុីបន្ទាប់ពីសែនព្រេនចូលឆ្នាំចិនរួចជាមួយមិត្តភក្ដិផ្សេងទៀត ហើយក្រោយមកម្ចា ស់រថយន្តបង្កស្រវឹង ហើយបានឈ្លោះគ្នាជាមួយសង្សារ ហើយបានបើករថយន្តចេញពីកន្លែងផឹកសុីមុនគេ ហើយក្រោយមកក៏ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ។
ក្រោយពេលកើតហេតុ រថយន្តទាំងសងខាងបានត្រូវសមត្ថកិច្ចចរាចរណ៍រាជធានី បានចុះមកវាស់វែង និងស្ទូចយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា