ខេត្តតាកែវ៖ វាគួរអោយហួសចិត្ត នៅពេលដែលកម្លាំងអធិការនគរបាលស្រុកព្រៃកប្បាស ដែលមានតួនាទីបំរើប្រជាពលរដ្ឋ បែរជាយកកម្លាំងរាប់សិបនាក់ មកពទ្ធ័ផ្ទះប្រជាពលរដ្ឋមួយគ្រួសារទាំងយប់ ដោយគ្រាន់តែរឿងជំពាក់លុយតុងទីនជាង៣០លានរៀលប៉ុណ្ណោះ។
តាមសេចក្ដីរាយការពីសំណាក់ប្រជាពលរដ្ឋបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឡោមពទ្ធ័ផ្ទះប្រជាពលរដ្ឋ ដើម្បីចាប់ខ្លួនរឿងជំពាក់លុយតុងទីនបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ស្ថិតនៅភូមិ ថ្នល់បត់ ឃុំ បានកាម ស្រុកព្រៃក្បាស ខេត្តតាកែវ ។
ចំណែកម្ចាស់ផ្ទះដែលកម្លាំងពទ្ទ័ដើម្បីចាប់ខ្លួនឈ្មោះ សោម វណ្ណារី ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិដង្ហិត ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានមុខរបរមេផ្ទះ។
បើយោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា បើទោះជារឿងជំពាក់លុយតុងទីនជាអំពើខុសច្បាប់ តែវាគ្រាន់តែជារឿងរដ្ឋប្បវេណីប៉ុណ្ណោះ ហេតុអ្វីបានជាប្រើប្រាស់កម្លាំងសមត្ថកិច្ចរហូតមិនបានដេកពួន ធ្វើដូចជាអំពើប្លន់ ឬក៏ទោសឧក្រិដ្ឋទៅវិញ។
ជុំវិញករណីខាងលើ លោក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា លោកពិតជាបានប្រើកម្លាំងរបស់លោកឲ្យទៅពទ្ធ័ផ្ទះឈ្មោះ សោម វណ្ណារី ពិតមែនតែលោកធ្វើតាមដីរបស់សាលាដំបូងខេត្តតាកែវប៉ុណ្ណោះ ហើយដីការរបស់សាលាដំបូងគឺបង្គាប់អោយចាប់ខ្លួន ចេញដោយចៅក្រមអមសាលាដំបូងខេត្តតាកែវ ឈ្មោះភិន ផល្លេង ថ្ងៃចេញដីកា ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។
លោកអធិការបានបន្ដទៀតថា មូលហេតុដែលោកប្រើប្រាស់កម្លាំងឲ្យពទ្ធ័ផ្ទះខាងលើ គឺកម្លាំងរបស់លោកមិនអាចចាប់ខ្លួនខុសម៉ោងធ្វើការបាន ដូច្នេះលោកក៏ទទួលបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ គឺលោក ច្រឹង ខ្មៅ អោយពទ្ធ័ផ្ទះរង់ចាំដល់ព្រឹកថ្ងៃទី៣១ ខែមករា ដើម្បីចាប់ខ្លួនឈ្មោះ សោម វណ្ណារី អោយបានបញ្ជូនទៅសាលាដំបូង។
ជុំវិញការអនុវត្តន៍របស់កម្លាំងសមត្ថកិច្ចស្រុកព្រៃកប្បាសតាមបញ្ជារបស់លោកព្រះរាជអាជ្ញា រងនូវការរិះគន់ខ្លាំងពីប្រជាពលរដ្ឋ ដោយពួកគាត់លើកឡើងថា គ្រាន់តែជំពាក់លុយតុងទីនជាង៣០លានរៀល បែរជាមកពទ្ធ័ផ្ទះពេញ១យប់ រង់ចាំចាប់ខ្លួនតាមអំណាចតុលាការ ចុះចំណែកនៅក្នុងស្រុកព្រៃកប្បាសដូចគ្នា ជនល្មើសបានបោកប្រាស់ប្រជាពលរដ្ឋស្ទើរតែ១ស្រុកព្រៃកប្បាស រឿងទិញគោកាប់លក់ ហើយមិនអោយលុយពួកគាត់ជាង១០ម៉ឺនដុល្លារ ហើយពួកគាត់ប្ដឹងទៅសាលាដំបូងខេត្តតាកែវ ជាច្រើនឆ្នាំរួចហើយ តែសាលាដំបូងខេត្តមិនមានចំណាត់ការអ្វីសោះ ចុះចំណែករឿងមួយនេះ តែជាង៣០លានរៀលសោះពទ្ធ័ចាប់ខ្លួន ៕ ជីសូរកា