ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេអះអាងថា ផឹកស្រាតាំងពីប្រលប់ រហូតដល់ពាក់កណ្ដាលអធ្រាត្រ ទើបចូលដេក លុះព្រឹកឡើង ទើបដឹងស្លាប់បង្កការភ្ញាក់ឡើងដល់អ្នកភូមិផងរបងជាមួយ និងអាជ្ញាធរមានសមត្ថកិច្ច។
ហេតុការណ៍នេះ បង្កការភ្ញាក់ឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ ម៉ុន តុន ភេទប្រុស អាយុ ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំខាងលើ។
ប្រភពខាងលើបន្តថា បន្ទាប់ពីសមត្ថកិច្ចទទួបានព័ត៌មាននេះ បានសហការគ្នាចុះស្រាវជ្រាវលេចលឺថា ជនរងគ្រោះ និងមិត្តភក្តិ២-៣នាក់ទៀត បាននាំគ្នាផឹកស៊ីនៅនឹងផ្ទះជនរងគ្រោះ តាំងពីប្រលប់រហូតដល់ពាក់កណ្ដាលអធ្រាត្រ ទើបចូលដេកជាប្រពន្ធកូនធម្មតាដូចសព្វមួយដង លុះព្រឹកឡើងបងប្អូនមានចម្ងល់ហេតុអ្វី ក៏ដេកយូរម្ល៉េះ ខណៈដែលប្រពន្ធរបស់គាត់ងើបទៅធ្វើរោងចក្រតាំងពីប្រលឹមមកនោះ ក៏នាំគ្នាទៅដះហៅ ក៏មិនឆ្លើយ ទើបទៅអង្រួន ស្រាប់តែស្លាប់រឹងខ្លួនប្រាណបាត់ហើយ គ្រានោះក៏ភ្ញាក់ផ្អើលឆោឡោកើតឡើងតែម្តង ប៉ុន្តែទោសជាយ៉ាងណា គេនៅឆ្ងល់ដេកនៅជាមួយប្រពន្ធកូនដែរ ចុះហេតុអ្វីមុនគាត់(ប្រពន្ធ)ក្រោកទៅធ្វើការមិនដឹងអ្វីនោះសោះ ឬមួយគាត់មិនចាប់អារម្មណ៍?។
ប្រភពដដែលបន្តទៀតថា ក្រោមការពិនិត្យជាក់ស្ដែងខ្លួនប្រាណសាកសព ពុំមានឃើញស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធគួរឲ្យសង្ស័យករណីឃាតកម្មនោះទេ ជនរងគ្រោះអាចដេកស្លាប់ដោយខ្យល់គរ(គាំបេះដូង) ឬអាចបណ្ដាលមកពីផឹកស្រាលើសកម្រិត ក៏ថាបាន ហើយបានប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងតាមប្រពៃណី៕ ប៉ឹម ពិន