ខេត្តសៀមរាប៖ បុរសជនជាតិអាមេរិកកាំងម្នាក់ ដេកស្លាប់នៅសណ្ឋាគារ SiemResp Hostel ក្នុងបន្ទប់ លេខ៣០៩ ដោយមិនទាន់ដឹងពីមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើល ពេញក្រុងសៀមរាប ខណៈនោះត្រូវបានម្ចាស់សណ្ឋាគារ និងសមត្ថកិច្ចជំនាញ កំពុងបិទបាំងព័ត៌មាន មិនចង់ឱ្យលេចឮ ទៅដល់ខាងក្រៅ ដើម្បីកុំឱ្យភ្ញៀវជាតិ អន្តរជាតិដឹង នាំឱ្យអត់ភ្ញៀវចូលសណ្ឋាគាររបស់គាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏បិទបាំងមិនជិតដែរ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនោះ បានកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើកក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យនគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ BLACK GRAHAM WESTON ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ 474395387 ជាភ្ញៀវទេសចរណ៍ចូលមកស្នាក់នៅសណ្ឋាគារ Siem Reap Hostel នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។
លោកបានបញ្ជាក់ថា ក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងសមត្ថកិច្ចនគរបាលជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅលើកសាកសព ឃើញថា ជនរងគ្រោះមានឈាមហូរចេញតាមច្រមុះ ក្នុងករណីនេះទាំងលោកគ្រូពេទ្យ និងសមត្ថកិច្ចជំនាញមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះនៅឡើយទេ។
តាមប្រភពពីសមត្ថកិច្ចលួចខ្សឹបប្រាប់អ្នកព័ត៌មានចេញពីក្នុងសណ្ឋាគារថា ជនរងគ្រោះស្លាប់នៅក្នុងបន្ទប់សណ្ឋាគារនោះ គឺមិនទាន់ដឹងពីមូលហេតុទេ ដោយសារមានក្រុមសមត្ថកិច្ចបច្ចេកទេសជំនាញ និងម្ចាស់សណ្ឋាគារ និងអ្នកផ្សេងម្នាក់ទៀត ចង់បានលុយទឹកតែ ដើម្បីបំបាត់ភ័ស្តតាង ពីក្រុមអ្នកយកព័ត៌មាន ទើបដឹកចេញ យកទៅភ្នំពេញបាត់ ថែមទាំងមិនបានឱ្យគ្រួពេទ្យជំនាញ យកទឹកកាមទៅពិនិត្យផង ដើម្បីរកឱ្យឃើញពីជំងឺ ឬ មានអ្វីគួរឱ្យកត់សម្គាល់ ទៅលើដងខ្លួននៃសាកសពនោះ ៕ ប៊ុន រិទ្ធី