ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តលុចសុីសRX300 ដឹកប្រពន្ឋនិងកូនតូច ហើយរវល់តែរើសទឹកដោះឲ្យកូនប៉ៅក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់អ្នកបើកបរ និងប្រពន្ឋកូន២ នាក់រងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចមុខក្ដាន់២ តាមបណ្ដោយផ្លូវសហព័ន្ឋរុស្សីុ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ដដូនពេញ។
រថយន្តបង្កម៉ាកលុចសុីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2G.7077 ដែលបើកបរដោយប្ដីប្រពន្ឋ៣នាក់នៅជាមួយគ្នា។
បើតាមសម្ដីប្រពន្ឋរបស់បុរសរងគ្រោះខាងលើបាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ ពួកគាត់បានបើករថយន្តមកពីផ្សារកាប់គោរ បំណងទៅផ្ទះនៅខណ្ឌពោធិ៍សែនជ័យ ដោយបើករថយន្តតាមបណ្ដោយផ្លូវសហព័ន្ឋរុស្សុី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណះដល់ចំនុចកើតហេតុខាងលើ ប្ដីរបស់គាត់ជាជនរងគ្រោះបានអោនរើសកំប៉ុងទឹកដោះគោរឲ្យកូន និងងើបមកវិញក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលក្បាលរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតខាងមុខយ៉ាងដំណំ ចំណែកឯបុរសជាប្ដីបានរងរបួសធ្ងន់ ឯប្រពន្ឋនិងកូនរងរបួសស្រាល ។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះទាំងប្ដីប្រពន្ឋនិងកូនតូច ត្រូវបានរថយន្តសង្ក្រោះបន្ទាន់របស់មន្ទីឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ដោយឡែករថយន្តបង្កបានរងការខូចខាតខាងមុខយ៉ាងដំណំ និងត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញឲ្យមកធ្វើការវាស់វែងស្ទួចយករថយន្តបង្កនោះទៅរក្សាទុក រងចំាសាមុីខ្លួនចូលទៅដោះស្រាយតាមក្រោយ៕ ជឹមភារ៉ា