ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធុតមួយបានកើតឡើង ដោយកម្មការីនីរូបស្រស់២នាក់ ម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីពួកគាត់បានជិះម៉ូតូឌុបគ្នាទៅសុំច្បាប់រោងចក្រដើម្បីឈប់សម្រាក់ទៅមើលឪពុកឈឺធ្ងន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍នោះដែរ បានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកំណាត់ផ្លូវ៦០ម៉ែត ស្ថិតនៅក្នុងភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមសាច់ញត្តិកម្មការិនីរងគ្រោះទាំង២នាក់ខាងលើនោះបានឲ្យដឹងថា អ្នកបានស្លាប់មានឈ្មោះ ប៉ុនមាស សុគន្ធាធារី ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្ដាល ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះស៊ិន សុធា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មការិនីដូចគ្នាស្នាក់ជាមួយគ្នា និងត្រូវជាមិត្តភក្ដិនិងគ្នាផងដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទាំង២នាក់ ដែលអ្នករងគ្រោះបានស្លាប់មានធុរៈឪពុកមានជំងឺត្រូវ វះកាត់នៅមន្ទីរពេទ្យ ហើយនាងបានពឹងឲ្យមិត្តភក្ដិដែលរងរបួសធ្ងន់ ជូនទៅរោងចក្រកាត់ដេរអាមេរិកកាំង នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោដែលនាងធ្វើការ ដើម្បីសុំច្បាប់ឈប់សម្រាកទៅមើលថែឪពុកឈឺ ដោយនៅក្នុងខណៈនោះនាងបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៏ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-9493 ដោយបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បានបើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពី លិចទៅកើត ជែងយានយន្តនៅខាងមុខ ជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យដួល បោកទៅលើថ្នល់ បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកមិត្តភក្ដិរបស់នាង រងរបួសធ្ងន់។
ក្រោយពេលកើតហេតុភ្លាមៗ រថយន្តបង្កបានបន្ថែមល្បឿនបើកគេចបាត់ស្រមោលមិនត្រូវបានគេស្គាល់ម៉ាកនោះឡើយ បន្ទាប់មកជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ដោយឡែកសាកសព ត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ