ព័ត៌មានទាន់ហេតុការណ៍៖

សិស្សានុសិស្សជាង ១០០០ នាក់នៅវិទ្យាល័យនានាក្នុងខេត្តកំពង់ស្ពឺ និង ខេត្តកំពតបានទទួលសៀវភៅណែនាំស្តីពីការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់សិស្សានុសិស្សជាង ១០០០ នាក់នៅវិទ្យាល័យនានាក្នុងខេត្តកំពង់ស្ពឺ និង ខេត្តកំពតបានទទួលសៀវភៅណែនាំស្តីពីការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហមពីមន្ត្រីសាលាក្តីខ្មែរក្រហមនៅអំឡុងពេលនៃការចុះផ្សព្វផ្សាយនៅលើទឹកដីខេត្តទាំងពីរនេះ។

លោក នេត្រ ភក្ត្រាមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា ការជួបសិស្សានុសិស្សលោកគ្រូអ្នកគ្រូដោយផ្ទាល់នៅ តាមសាលារៀននេះដើម្បីជម្រាបដល់ពួកគាត់អំពីដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ក៏ ដូចជាចែកជូននូវឯកសារផ្សេងៗដើម្បីពួកគាត់បានសិក្សាស្វែងយល់បន្ថែមទៀត។

លោក នេត្រ ភក្ត្រា បានថ្លែងថា សិស្សានុសិស្សមានការសប្បាយរីករាយដែលបានទទួលសៀវភៅ សំណួរចម្លើយដែលនិយាយពីប្រវត្តិនៃការបង្កើតតុលាការខ្មែរក្រហម និងដែនយុត្តាធិការក្នុងការជំនុំជម្រះ ក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតដែលប្រព្រឹត្តឡើងនៅ អំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។ លោកក៏បានជម្រាបដល់សិស្សានុសិស្សអំពីការវិវឌ្ឍថ្មីៗររបស់តុលាការនៅក្នុងការជំនុំជម្រះក្តីលើសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន ព្រមទាំងសារៈ សំខាន់នៃការជំនុំជម្រះក្តីខ្មែរក្រហមគឺដើម្បីស្វែងរកការពិតដែលកើតឡើង និងផ្តល់យុត្តិធម៌ជូនជនរង គ្រោះដែលបានបាត់បងជីវិត និងអ្នកដែលកំពុងតែរស់រានមានជីវិត។

សិស្សានុសិស្សដែលបានចោទសួរថាតើជឿថាមានរបបខ្មែរក្រហមកើតឡើងនៅក្នុងកម្ពុជាទេ? ពួកគាត់បានឆ្លើយព្រមៗគ្នាថាជឿថាពិតជាមានរបបខ្មែរក្រហមកើតឡើងមែន ហើយរបបនេះត្រូវបានគេ ដឹងថាបានធ្វើបាបប្រជាជនដោយការធ្វើទារុណកម្ម សម្លាប់ បង្អត់អាហារ ការធ្វើការងារដោយហួសកម្លាំង គ្មានថ្នាំសង្កូវព្យាបាល គ្មានសាលារៀន មន្ទីរពេទ្យ ទីផ្សារឡើយ។ ពួកគាត់បានថ្លែងថាការយល់ដឹង និងចងចាំអំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមនេះគឺតាមរយៈការនិយាយប្រាប់របស់ជីដូនជីតា ឪពុកម្តាយរបស់ ពួកគេដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។ យុវជនទាំងនេះបានថ្លែងថាខ្លួនមិនចង់ឱ្យរបបខ្មែរក្រហមវិល ត្រឡប់មកវិញឡើយ ព្រោះមានការលំបាកខ្លាំងណាស់។ ចំពោះចំណុចនេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាវាពិតជាមានភាពចាំបាច់ដែលជនរងគ្រោះដែលរួចរស់ពីរបបខ្មែរក្រហមគួរនិយាយប្រាប់ដល់កូនៗរបស់ខ្លួនអំពី រឿងរ៉ាវនៃរបបខ្មែរក្រហម បើទោះបីជាមានការឈឺចាប់ពេលដែលរំឮកពីរឿងរ៉ាវចាស់ ប៉ុន្តែបានចូលរួមចំ ណែកយ៉ាងច្រើនក្នុងការពង្រឹងការចងចាំរបស់យុវជនជំនាន់ក្រោយ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ទន្ទឹមនឹងដំណើរការសំណុំរឿងក្តីប្រឆាំងនឹងអតីតមេដឹកនាំជាន់ ខ្ពស់នៃរបបខ្មែរក្រហមនៅចំពោះមុខសាលាក្តីខ្មែរក្រហម ការចងចាំ និងទប់ស្កាត់ការវិលត្រឡប់មកវិញនូវអំពើឧក្រិដ្ឋកម្មអន្តរជាតិដូចជា ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍នៅកម្ពុជា ក៏ជាកិច្ចការសំខាន់មួយផងដែរ។ លោកបានសង្កត់ធ្ងន់ថាមូលហេតុសំខាន់ មួយក្នុងចំណោមមូលហេតុផ្សេងទៀតនៃការបង្កើតតុលាការខ្មែរក្រហមឡើង គឺដើម្បីពង្រឹងនីតិរដ្ឋ បំបាត់ វប្បធម៌និរទណ្ឌភាពលើឧក្រិដ្ឋកម្មដែលបានកើតឡើង និងស្វែរកអ្នកទទួលខុសត្រូវ ទោះបីជារបបនោះបានដួលរំលំជាយូរមកហើយក៏ដោយ ព្រោះឧក្រិដ្ឋកម្មទាំងនេះមិនមានអាជ្ញាយុកាលឡើយ ៕ សហការី

image4 image1 image2 image3


ចែករំលែក៖