កូរ៉េខាងជើង បានដកតំណែងរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Kim Won Hong ជាបុគ្គលត្រូវបានគេចាត់ទុកថា មានទំនាក់ទំនង ជិតស្និទ្ធបំផុតជាមួយមេដឹកនាំគីម ជុងអ៊ុន។
អ្នកនាំពាក្យក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោក Jeong Joon Hee បានឲ្យដឹងថា រដ្ឋមន្ត្រីសន្តិសុខជាតិ Kim Won Hong ទើបតែបានដកតំណែង ក្រោយចោទប្រកាន់ពីបទពុករលួយ ប្រើប្រាស់អំណាចបំពាន់សិទ្ធិមនុស្ស។
ចំណែកសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈថា លោក Kim Won Hong អាយុ៧២ឆ្នាំ ត្រូវដកតំណែងតាំងពីពាក់កណ្តាលខែមករា ក្រោយការស្រាវជ្រាវរបស់គណបក្សពលករ។
លោក Kim Won hong ក្លាយជារដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិកាលពីខែមេសា ឆ្នាំ២០១២ និងជាអ្នកជិតស្និទ្ធបំផុតរបស់លោកគីម ជុងអ៊ុន។
នៅពេលនេះ គេមិនទាន់ដឹងថា លោក Kim Won hong នឹងត្រូវជាប់ទោសអ្វីនោះឡើយ ។ ជាទូទៅ មន្ត្រីដែលដកតំណែង គឺត្រូវជាប់ពន្ធនាគារ ឬប្រហារជីវិត៕ ម៉ែវ សាធី