ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់លង់ទឹកស្លាប់បន្ទាប់ពី ឪពុកម្ដាយគេបាននាំគ្នាទៅហែលទឹកអាង នៅសណ្ឋាគារមីរ៉ាខល(Miracle Hotel) ដែលខ្លួនបានស្នាក់នៅ ។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង២០ និង៣៥នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុង ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប បន្ទាប់ពីបញ្ជូន ទៅដល់មន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ ។
ប្រភពពត័មានពីឪពុកម្តាយក្មេង រងគ្រោះបាន ប្រាប់នគរបាលថា មុនដំបូងពួកគាត់ បាននាំកូនប្រុស ដែលរងគ្រោះ ទៅលេងអាងហែលទឹក នៅទីតាំង សណ្ឋាគារខាងលើ បន្ទាប់មកពួកគាត់ ដែលជាឪពុកម្តាយ បានឡើង មកអង្គុយ ជជែកគ្នានៅក្បែរ នោះបានមួយសន្ទុះ ទើបចាប់អារម្មណ៍ ថាបាត់កូនរបស់គាត់ ក៏បាននាំគ្នា រកមើល ស្រាប់តែឃើញ កូនអណ្ដែតទៅ កន្លែងទឹកជ្រៅ ក្រោយមកក៏បានស្រង់កូន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្លាមៗផងដែរ តែអកុសល ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានប្រាប់ថា កូនគាត់ ដាច់ខ្យល់ ស្លាប់បាត់ហើយ។
លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យ នគរបាល អន្តោប្រវេសន៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ Hun Chen Guy អាយុ៦ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E9141790 ជាភ្ញៀវទេសចរណ៍ បានមកស្នាក់ នៅសណ្ឋាគារ ខាងលើ។
បច្ចុប្បន្នសពក្មេង ប្រុសជនរងគ្រោះ ត្រូវបានរក្សាទុក បណ្ដោះអាសន្ន នៅមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ រងចាំឯកសារពី ស្ថានទូត ទើបធ្វើការ ចាត់តែងតាមនីតិវិធីតាមដែលអាចធ្វើបាន៕ ប៊ុន រិទ្ធី