ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធនាំនារីខ្មែរ១០នាក់ទៅជប៉ុនបង្ខំឲ្យរួមភេទ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីនាំនារីខ្មែរចំនួន១០នាក់ ទៅប្រទេសជប៉ុន បិទសិទ្ធិសេរីភាព និងបង្ខំឲ្យបម្រើផ្លូវភេទជាមួយភ្ញៀវជនជាតិជប៉ុន។

មន្រី្តនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ ទី១.ឈ្មោះ FUKUI SUSUMU ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិជប៉ុន មានមុខរបរជាប្រធានភោជនីយដ្ឋានជប៉ុន ឈ្មោះហ្គីណេស និងបម្រើការងារនៅក្រុមហ៊ុនដឹកជញ្ជូនថ្ងៃរះ ស្នាក់នៅភោជនីយដ្ឋាន ផ្ទះជួលលេខ១៩ ផ្លូវ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ, ទី២.ឈ្មោះ លឹម លក្ខិណា ហៅ (អាណែត) ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្រពន្ធរបស់ឈ្មោះ FUKUI SUSUMU) ស្នាក់នៅផ្ទះលេខ១៩៦ ផ្លូវ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញនិង ទី៣.ឈ្មោះ សេង ចាន់ឌី ហៅ (ខេនឌី) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ធ្វើការនៅភោជនីយដ្ឋានហ្គីណេស មានទីលំនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

មន្រី្តនគរបាលដដែលបានឲ្យដឹងទៀតថា នៅក្នុងអំឡុងខែសីហា ឆ្នាំ២០១៦ មេខ្យល់ឈ្មោះ FUKUI SUSUMU និងប្រពន្ធឈ្មោះ លឹម លក្ខិណា ហៅ (អាណែត) បានឃោសនានៅរាជធានីភ្នំពេញ បោកបញ្ឆោតនារីខ្មែរចំនួន១០នាក់ថា នឹងឲ្យពួកគេទៅធ្វើការនៅភោជនីយដ្ឋាននៅប្រទេសជប៉ុន ដោយទទួលបានប្រាក់ខែពី៣០០០ដុល្លារទៅ៥០០០ដុល្លារក្នុង១ខែ។ចំពោះសោហ៊ុយធ្វើឯកសារ និងការធ្វើដំណើរ គឺមេខ្យល់ជាអ្នកចំណាយ ព្រមទាំងឲ្យខ្ចីប្រាក់មុនចំនួន៥០០ដុល្លារទៀតផង។ ដោយមាបជំនឿបែបនេះ ក្រោយមកនារីទាំងអស់ក៏បានយល់ព្រមធ្វើតាមមេខ្យល់។ បន្ទាប់មកទៀតមេខ្យល់ឈ្មោះ សេង ចាន់ឌី ហៅខេនឌីបានធ្វើលិខិតឆ្លងដែនឲ្យជនរងគ្រោះរួចនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯមេខ្យល់ឈ្មោះ FUKUI SUSUMU បានធ្វើទិដ្ឋាការទេសចរណ៍ និងនាំយកនារីខ្មែរទាំង ១០នាក់ ទៅប្រទេសជប៉ុន តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ប្រភពដដែលបានបន្តទៀតថាពេលទៅដល់ប្រទេសជប៉ុនមានជនជាតិជប៉ុនម្នាក់ទៀតឈ្មោះ KABASAWA NAKARE ហៅ NAKANO FUYUKI ភេទប្រុស អាយុ៥០ឆ្នាំ បានមកទទួល និងនាំនារីខ្មែរទាំងអស់ទៅខេត្តGUNMA ប្រទេសជប៉ុន ហើយឈ្មោះនេះបានដកហូតលិខិតឆ្លងដែនពីនារីរងគ្រោះទុក និងនាំឲ្យបម្រើនៅក្នុងភោជនីយដ្ឋានឈ្មោះ អ៊ីកាហុ និងបានបង្ខំឲ្យរួមភេទជាមួយភ្ញៀវជប៉ុនថែមទៀត ចំពោះប្រាក់ដែលបានមកពីការរួមភេទនេះត្រូវបានឈ្មោះ KABASAWA NAKARE ហៅ NAKANO FUYUKI និងឈ្មោះ សាចុ យកទាំងអស់។ លុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះចំនួន៧នាក់បានទាក់ទងទៅស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុន និងបានឲ្យជួយអន្តរាគមន៍ប្តឹងទៅសមត្ថកិច្ចប្រទេសជប៉ុនជួយសង្គ្រោះពួកគាត់ និងដោះស្រាយតាមច្បាប់។បន្ទាប់មកទើបសមត្ថកិច្ច បញ្ជូនជនរងគ្រោះមកកម្ពុជាវិញកាលពីថ្ងៃទី២៧ មករា ឆ្នាំ២០១៧ និងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។

ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ច ព្រមទាំងការឆ្លើយបំភ្លឺរបស់នារីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានសន្និដ្ឋាន និងវាយតម្លៃថាជនសង្ស័យពិតជាបានឃុបឃិតគ្នាជាប្រព័ន្ធទាំងនៅកម្ពុជា និងជប៉ុន ជ្រើសរើសនាំយកចេញដោយមិនស្របច្បាប់ ក្នុងគោលដៅទុច្ចរិតដោយបានកេងប្រវ័ញ្ចផ្លូវភេទនារីរងគ្រោះចំនួន១០នាក់ ដែលអំពើប្រព្រឹត្តនេះពាក់ព័ន្ធមាត្រា១២ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ៕ ប្រាថ្នា

បញ្ជូនទៅតុលាការ១១


ចែករំលែក៖