ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះខណ្ឌសែនសុខ ឃាត់ខ្លួន បន្ទាប់ពីកម្លាំងបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ក្នុងមូលដ្ឋានដើម្បីរិតបន្តឹងច្បាប់ចរាចរណ៍ ដោយសង្ស័យជាមុខសញ្ញាចោរលួចកាច់សោកម៉ូតូ ។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង២នាក់នោះទី១ មានឈ្មោះ អាង សិលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមមាន់ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២ឈ្មោះ ម៉ៅ មឿន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរចិញ្ចឹមមាន់ បច្ចុប្បន្នស្នាក់នៅម្តុំជំពួវ័នខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិបឹងកន្សែង ឃុំឡាំសៀក ស្រុកបាលុង ខេត្តរតនគីរី។
សមត្ថកិច្ចបានអោយដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ គឺកម្លាំងសមត្ថកិច្ចចំរុះបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ តាមបណ្តោយផ្លូវ២០០៤ ខណៈនោះក៍ឃើញពួកគេបានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយសុីគីនិច ពណ៌ស គ្មានស្លាកលេខ ជិះឆ្លងកាត់គោលដៅដោយមានការសង្ស័យ ក៏ហៅអោយឈប់ តែជនសង្ស័យមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿងប្រុងរត់គេចខ្លួន តែត្រូវកម្លាំងអន្តរាគមន៍ និងនាំគ្នាដេញចាប់បានហើយធ្វើការឆែកឆេរកឃើញឧបករណ៍កែច្នៃសំរាប់កាច់សោកម៉ូតូ នៅជាប់ខ្លួនពួកគេ ទើបសមត្ថកិច្ចសង្ស័យថា ជាមុខសញ្ញាក្រុមចោរទើបឃាត់ខ្លួនយកមកសាកសួរ នៅប៉ុស្តិ៍នគរបាលទឹកថ្លាតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូដែលខ្លួនជិះនោះ គឺជារបស់មិត្តភក្កិគេម្នាក់ទៀត ជាអ្នកអោយគេជិះយកទៅលក់នៅកំពង់ស្ពឺ ដោយពួកគេជិះចេញពីម្តុំឃ្លាំងរំសេវ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី ៕ តុង សីហា