ភ្នំពេញ៖ បុរសម្នាក់បានរត់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅ ខណៈពេលផឹកសីុជាមួយមិត្តភក្តិ ពេលស្រវឹងក៏អោយមិត្តភក្តិម្នាក់ដឹកមកផ្ទះ ដោយជិះម៉ូតូរបស់ខ្លួន តែបែរជាព្រឹកឡើងដេកនៅគំនរសំរាមទៅវិញ បាត់ទាំងម៉ូតូ សួរមិត្តភក្តិក៏ឆ្លើយថា មិនដឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្លឹបនៅម្តុំប៊រី ផ្លូវទំនបកប់ស្រូវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះព្រឹកឡើង ទើបនាំគ្នាមកដាក់ពាក្យបណ្តឹងដើម្បីសុំការអន្តរាគមន៍។
ជនរងគ្រោះមានឈ្មោះ សុត នយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិផុង ឃុំបឹងតាមុំស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកម៉ូតូដែលបានបាត់នោះ ម៉ាកឌ្រឹមសង់ ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV 7711 ។ ដោយឡែក មិត្តភក្តិដែលជូនទៅផ្ទះឈ្មោះនូ ភេទប្រុស ស្នាក់នៅជិតគ្នា និងមានស្រុកកំណើតជាមួយគ្នា។
ប្រភពពត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតល្ងាចថ្ងៃទី៦ ខែកុម្ភៈ រួបគាត់ និងមិត្តភក្តិ៣នាក់ទៀត បានបបួលគ្នាផឹកសីុនៅបន្ទប់ លុះស្រវឹងស្រឿងៗ ក៏បែកគំនិតចង់រាំលេងកំសាន្តនៅក្លឹប ទើបបបួលគ្នាទៅផឹករាំលេងនៅក្តឹបម្តុំរោងចក្រប៊រី។
សាក្សីបានបន្តថា លុះដល់វេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រ ដោយសារតែស្រវឹងខ្លាំងពេក ទើបអោយឈ្មោះ នូ ជួយដឹករួបគាត់មកបន្ទប់ជួល ចំណែកមិត្តភក្តិ២នាក់ទៀត បានបន្តទៅផឹកកន្លែងផ្សេងទៀត។ លុះព្រឹកឡើងវេលាម៉ោង៦ ទើបដឹកខ្លួន បែរជាដេកលើគំនរសំរាមទៅវិញ ចំណែកម៉ូតូមិនដឹកទៅណា ហើយបានរត់ទៅសួរឈ្មោះនូ តែគេឆ្លើយថា មិនដឹងទេ ទើបវេលាម៉ោង១០និង២០ព្រឹក ថ្ងៃខែដដែល រត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅអោយជួយដោះស្រាយ។
នៅចំពោះមុខសមត្ថកិច្ចបុរសឈ្មោះនូ បានបដិសេធន៍ថា ខ្លួនមិនបានយកម៉ូតូមិត្តភក្តិទេ នៅយប់កើតហេតុខ្លួនជូនឈ្មោះ សុត នយ ទៅដល់ផ្ទះហើយ ក៏មកដេកនៅបន្ទប់វិញ ហើយក៏មិនដឹងថា រួបគេជិះទៅណាទៀតក៏មិនដឹង។
ដោយសារតែគ្មានហេតុផលច្បាស់ណាស់ រួមទាំងស្រវឹងទៀតផងនោះ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ ហើយក៏ត្រឡប់ទៅវិញអស់ទៅ ៕ សុខាសែនជ័យ