ខេត្តកណ្តាលៈ បុរសម្នាក់និយាយអះអាងថាបានឮសម្លេងដូនតាស្រែកឲ្យជួយចេញពីក្នុងចេតីយ៍ក៏ស្ទុះទាញដំបង និងដុំថ្មវាយជញ្ចាំងចេតីយ៍រំដោះដូនតា ខណៈនោះក៏ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនដោយសារវាយបំផ្លាញចេតីយ៍របស់អ្នកជិតខាង ។ ករណីធ្វើឲ្យខូចខាតដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មឿន រតនា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ ជនសង្ស័យរូបនេះបានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា រូបគេបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជាង១០ឆ្នាំមកហើយ ។ ជនរងគ្រោះជាម្ចាស់ចេតីយ៍នោះឈ្មោះ ជិន ស៊ីថា ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិ/សង្កាត់កើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនសង្ស័យរូបនេះអង្គុយនៅផ្ទះក្បែរផ្ទះជនរងគ្រោះជាធម្មតា ។ មួយសន្ទុះក្រោយមកស្រាប់តែស្ទុះកាន់យកដុំថ្ម និងដែកស្រួចទៅធ្វើសកម្មភាពវាយចេតីយ៍របស់ជនរងគ្រោះដែលនៅខាងក្រោយផ្ទះប្រមាណ១០ម៉ែត្រ ។ ឃើញដូច្នេះជនរងគ្រោះក៏ប្រញាប់តេទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យជួយអន្តរគមន៍ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង ខណៈដែលចេតិយ៍ត្រូវបានជនសង្ស័យរូបនេះវាយឲ្យខូចខាតអស់ប្រមាណមួយម៉ែត្រការ៉េ ។
ជនសង្ស័យសារភាពប្រាប់សមត្ថកិច្ចស្ថិតក្នុងសភាពរវើរវាយថា រូបគេពិតជាបានវាយជញ្ចាំងចេតីយ៍របស់ជនរងគ្រោះប្រាកដមែន ។ មូលហេតុតែគេវាយក៏ដោយសារតែឮសម្លេងដូនតាស្រែកឲ្យជួយចេញពីក្នុងចេតីយ៍នេះ ទើបរូបគេសម្រេចចិត្តវាយដើម្បីរំដោះដូនតាឲ្យចេញមកក្រៅ ៕ស្អាងជ័យ