ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិខ្មែរឥស្លាម៣នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅកំពង់ចម្លងស្វាយអាត់ត្រូវ​សមត្ថកិច្ចនគរបាលស្រុកមុខកំពូលចាប់បានម្នាក់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសជនជាតិខ្មែរឥស្លាម៣នាក់ បាននាំគ្នាធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់នៅត្រង់ចំណុចកំពង់ចម្លងស្វាយអាត់ ខណៈកំពុងធ្វើសកម្មភាពក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលចាប់ខ្លួនបានម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន០៥កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចកំពង់ចម្លងស្វាយអាត់ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួននោះឈ្មោះ ទូលាស់ ហ្វោហ្ស៊ី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ។ ចំណែកឯបក្ខពួក២នាក់ទៀតដែលរត់គេចខ្លួននោះឈ្មោះ ទី១-ឈ្មោះ លី ស៊ុក ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ និងទី២-ឈ្មោះ នាំង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់នេះរស់នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ។

ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចធ្វើការរឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៤កញ្ចប់តូច-០១កញ្ចប់ធំ ទូរស័ព្ទដៃ០១គ្រឿងនិងម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ពាក់ស្លាកលេខកំពង់ធំ1H-8248 ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចកំពង់ចម្លងស្វាយអាត់មានជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ។ ភ្លាមៗនោះសមត្ថកិច្ចនគរបាលស្រុកមុខកំពូលសហការជាមួយនគរបាលចុះធ្វើការស្រាវជ្រាវឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យបានម្នាក់ រួមជាមួយវត្ថុតាងខាងលើនេះ គ្រាដែលបក្ខពួកជនសង្ស័យ២នាក់ទៀតរត់គេចខ្លួន ។

ជនសង្ស័យឈ្មោះ ទូលាស់ ហ្វោហ្ស៊ី បានសារភាពថា ថ្នាំញៀនខាងលើនេះរូបគេនិងបក្ខពួកបានទិញពីមេក្លោងជួញដូរគ្រឿងញៀននៅម្តុំយឿត្រីគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីយកមកធ្វើសកម្មភាពជួញដូរ ខណៈកំពុងធ្វើសកម្មភាពក៏ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនតែម្តង៕ ស្អាងជ័យ

cc (1) cc (2) cc (3) cc (4) cc (5)


ចែករំលែក៖